ទិវាជាតិនៃការចងចាំ! គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រៀបចំបង្សុកូល រាប់បាត្រព្រះសង្ឃ១០៨អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលស្លាប់នៅរបបប្រល័យពូជសាសន៍


គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំនេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ ចំនួន១០៨អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្តាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីនេះ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ និងឯកឧត្តម កើត ឆែ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ និងប្រជាជន ជាច្រើនផងដែរ។

ក្នុងពិធីនោះ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវឃោរឃៅរបស់បន ប៉ុល ពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើអោយអ្នកចូលរួមកម្មវិធីនេះ ទប់ទឹកភ្នែកមិនបាន។

២០ ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខ ដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូង មិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។

ក្នុងពិធីនេះ ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្តនូវចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨,៩៨៥នាក់ ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួម ចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់ នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែង កណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃ ២០ ឧសភា ក៏ជាសាររំលឹកទៅដល់កូនខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោក កុំភ្លេចរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ និងគួរឲ្យស្អប់ខ្ពើមនេះ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែ១គត់ ក្នុងការទប់ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍នេះកើតឡើងជាលើកទី២ នៅលើទឹកដីអង្គរ នៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះ ឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជា ឲ្យទៅធ្លាក់ក្នុងរណ្តៅមរណៈភាពជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះ តំណាងប្រជាជន យុវជនបានសម្តែងការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីឲ្យក្លាយជាចលនាឯកភាពជាតិតែមួយ។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍន៍គម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្ហសម្រេចបាននាពេលអនាគត៕