ឯកឧត្តមបណ្ឌិត មិន ឃិន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក ការសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិលើកទី ២៥ ឆ្នាំ២០១៦


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តមបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក ការសូត្រគម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិលើកទី ២៥ ឆ្នាំ២០១៦ នៅវិហារឥស្លាម អាល់សារកាល បឹងកក់ សង្កាត់ស្រះចក រាជធានីភ្នំពេញ។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោកឧកញ៉ា សុះ កំរី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត កងកម្លាំងប្រដាប់អាវុធ អ៊ីម៉ាំ តួន បេក្ខជន បេក្ខនារី បងប្អូន សាសនិក ឥស្លាម ជាច្រើនកុះករ។
ឯកឧត្តម មិន ឃិន បានបញ្ជាក់ថា៖ ការដឹកនាំសាសនា ទំាងនៅផ្នែកពុទ្ធចក្រក៏ដោយ ទំាងនៅផ្នែកអាណាចក្រក៏ដោយ និងឥស្លាមសាសនាក៏ដោយ គឺសុទ្ធតែបុគ្គលនោះ គោរពប្រតិបត្ដិតែអំពើល្អដូចគ្នា តែត្រង់ថាបុគ្គលនោះ គោរពតាមគម្ពីរ ធម៌អាថ៌ ក្បួនច្បាប់ លិខិតបទដ្ឋានផ្សេងៗ ទោះបីល្អឥតខ្ចោះ យ៉ាងណាក៏ដោយ ក៏នៅតែមិនទាន់គ្រាប់គ្រាន់ដែរ សម្រាប់ទទួលបានជោគជ័យ ក្នុងការដឹកនាំតាមក្បួនច្បាប់ របស់ខ្លួននោះ។ ការពិត គឺវាទាមទារឲ្យមានមនុស្សជាថ្នាក់ដឹកនាំ ដោយឲ្យស៊ីចង្វាក់គ្នា ជាមួយនឹងអ្នកដែលត្រូវដឹកនាំ។ ជាក់ស្តែង សាសនាឥស្លាមផ្ទាល់ ត្រឹមតែគម្ពីរអាល់គួរអានហើយនំាគ្នា ប្រារព្ធពិធីសូត្រគម្ពីរអាល់គួរអាននោះ មិនទាន់គ្រាប់គ្រាន់នៅឡើយទេ ពោលគឺយើងទាមទារ ឲ្យមានព្យាការីមហាំម៉ាត់ ដែលជាអ្នកបកប្រែ តាមរយៈការបង្ហាញ ជាសកម្មភាពជាក់ស្តែង ដែលធ្វើឲ្យមនុស្ស ជំនាន់នោះ មើលឃើញទទួលយកបាន ហើយក្លាយទៅជា សាវ័កជាឃោសនិក ផ្សព្វផ្សាយមានអ្នកជឿ គោរពតាម និងក្លាយជាឃោសនិក បន្តបន្ទាប់ ធ្វើឲ្យសាសនានេះគង់វង្ស និងរីកសុះសាយ មកទល់សព្វថ្ងៃ មាននៅគ្រប់ទីកន្លែង នៅលើពិភពលោក។
គួរកត់សម្គាល់ផងដែរថា ជារៀងរាល់ឆ្នាំ ពិធីសូត្រគម្ពីររបស់សាសនិកឥស្លាម ដែលរៀបចំដោយ គណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា សហការជាមួយ ក្រសួងធម្មការនិងសាសនា នេះ តែងតែប្រារព្ធធ្វើឡើង ក្រោមប្រធានបទចំនួនមួយ ដោយអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងពិធីបិទ ការសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី ២០ ឆ្នាំ២០១០ ដោយបានផ្តល់អនុសាសន៍ ឲ្យមានការដាក់ចេញជាប្រធានបទស្នូល ហើយផ្លាស់ប្តូរប្រធានបទរៀងរាល់ឆ្នាំ ស្របនឹងស្ថានភាព និងកាលៈទេសៈ នៃប្រទេសជាតិ និងអន្តរជាតិ។
ដោយឡែក ក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងគុណូបការៈដ៏ថ្លៃថ្លា និងជាប្រវត្តិសាស្រ្ត នៃសាសនាឥស្លាមកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ទើបតែបានសម្រេចជាគោលការណ៍ បញ្ចូលគ្រូខ្មែរឥស្លាមប្រមាណ ១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និង កីឡា ពិធីសូត្រត្រូវបានដាក់ចេញក្រោមប្រធានបទ «ឥស្លាម និង ការអប់រំ» ហើយទាំងខ្លឹមសារសូត្រ និងការប្រែសម្រួល សុទ្ធតែមានទំនាក់ទំនងនឹងប្រធានបទនេះ។
ពិធីសូត្រដែលនឹងជ្រើសរើសយកបេក្ខជនមួយរូប និង បេក្ខនារីមួយរូប ដើម្បីចូលរួមក្នុងពិធីសូត្រថ្នាក់ពិភពលោក ដែលនឹងប្រារព្ធធ្វើ នៅទីក្រុងកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នេះ តែងតែមានការអញ្ជើញជាអធិបតីក្នុងពិធីបើក-បិទ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឬក្នុងករណីដែលសម្តេចមានភារ: មិនអាចអញ្ជើញចូលរួមបាន សម្តេចបានចាត់ ឯកឧត្តម និងលោកជំទាវ ដែលជាថ្នាក់ដឹកនាំប្រទេស អញ្ជើញជាតំណាងផងដែរ។
លើសពីនេះទៅទៀត សម្តេចតេជោ បានសម្រេចឧបត្ថម្ភថាវិកា ចំនួន ៥០០០ដុល្លា សម្រាប់ជួយផ្គត់ផ្គង់លើការចំណាយ ផ្សេងៗក្នុងពិធីនេះ ជារៀងរាល់ឆ្នាំផងដែរ។
Men Khhen 26-3-2016 (2)                                        Men Khhen 26-3-2016 (3)
Men Khhen 26-3-2016 (4)                                     Men Khhen 26-3-2016 (5)
Men Khhen 26-3-2016 (6)                                      Men Khhen 26-3-2016 (7)
Men Khhen 26-3-2016 (8)                                    Men Khhen 26-3-2016 (9)
Men Khhen 26-3-2016 (10)