ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបថ្មី


នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាស្តីទីខេត្តសៀមរាប និងឯកឧត្តម លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីលោក ឱង គោវិទ អតីតប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលចូលនិវត្តន៍ បានអានរបាយការណ៍ពីសកម្មភាពលទ្ធផលការងារពាណិជ្ជកម្មដែលមន្ទីរបានអនុវត្តន៍កន្លងមក និងលោក ម៉ី ប៊ុនលី ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងពាណិជ្ជកម្ម បានអានប្រកាសតែងតាំងលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបថ្មី គឺលោក ភឿន គឹមលី បានឡើងបេ្តជ្ញាចិត្តថា សូមសម្តែងការស្មោះត្រង់ គោរព ខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្ត និងទិសដៅការងារ ក៏ជាការផ្តល់មតិណែនាំ ឬអនុសាសន៍របស់ថ្នាក់ដឹកនាំខេត្ត និងក្រសួង ព្រមទាំងបន្តនិរន្តភាពការងារនៅក្នុងមន្ទីរលើការផ្តល់សេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស ពេលវេលា ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរលោកប្រធានមន្ទីរថ្មី ក៏នឹងរក្សាសាមគ្គីផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។
ទន្ទឹមនឹងនេះ ឯកឧត្តម លី សំរិទ្ធ អភិបាលរង បានមានប្រសាសន៍ សម្តែងនូវការស្វាគមន៍ និងរាយការណ៍ជូនអង្គពិធី ពីសកម្មភាព និងលទ្ធផលការងាររបស់ខេត្ត ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិមានភាពកក់ក្តៅក្នុងស្នាក់នៅ និងការរីកចម្រើនវិស័យកសិកម្ម ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ ជាដើម បានធ្វើឲ្យខេត្តសៀមរាបមានការអភិវឌ្ឍទូទាំងខេត្ត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍សម្តែងនូវទឹកចិត្តរីករាយ និងកោតសរសើរចំពោះលទ្ធផលការងារដែលមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សម្រេចបានជាបន្តបន្ទាប់ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់ខេត្តសៀមរាបនាពេលបច្ចុប្បន្ន។ ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំបំពេញបន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តដ៏ពេញលេញមួយ ដែលនឹងអាចជួយដល់ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំអង្គភាពនៅថ្នាក់ក្រោមជាតិឲ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជាប្រមុខ អ្វីៗដែលជាបញ្ហាប្រឈមត្រូវបានកាត់បន្ថយ និងជម្នះបានជាជំហានៗ។ លំហូរនៃការវិនិយោគពីខាងក្រៅវិស័យទេសចរណ៍ ផលិតកម្មកសិកម្ម ឧស្សាហកម្ម រួមទាំងវិស័យវាយនភ័ណ្ឌ នៅតែបន្ដទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ចាប់ពីឆ្នាំ២០១៦មក កម្ពុជាបាន ចាកចេញពីចំណាត់ថ្នាក់ ប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងធ្វើសមាហរណកម្មពេញលេញទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងបន្តមានភាពល្អប្រសើរ និងអាចរក្សាបានចីរភាព សម្រាប់រយៈពេលខ្លី និងមធ្យម។ ជាងនេះទៅទៀត ដោយសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមួយទសវត្សកន្លងមក និងនៅតែបន្តមានកំណើនខ្ពស់ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាត្រូវបានគេចាត់ទុកថាជាសេដ្ឋកិច្ចខ្លាមួយថ្មីនៅតំបន់អាស៊ីយើងនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានក្រើនរំលឹកដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងពិសេសមន្រ្តីសាខាកាំកុងត្រូលខេត្ត ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់ការពារសុខមាលភាព សុវត្ថិភាព ចំណីអាហារ ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការចុះត្រួតពិនិត្យគុណភាពទំនិញ ផលិតផល សុវត្ថិភាពចំណីអាហារតាមទីផ្សារសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន និងជាពិសេសកន្លែងលក់លោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារកេត្តិនាមដ៍ល្អផូរផង់របស់ប្រទេសជាតិយើង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញភាពជឿជាក់ថា លោកប្រធានមន្ទីរពាណិជ្ជកម្មថ្មី ដែលជាមន្ត្រីនៅទីនេះស្រាប់ មានបទពិសោធន៍ការងារយូរឆ្នាំ គួបផ្សំនឹងសមត្ថភាពជំនាញ នឹងសម្រេចបាននូវលទ្ធផលការងារធំៗ ថ្មីៗ ជូនអង្គភាព ជូនខេត្ត និងក្រសួង ហើយទទួលបានការគាំទ្រពីមហាជន។ ក្រៅពីចំណងសាមគ្គីភាពផ្ទៃក្នុង ចំណុចសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អ ស្អិតរមួតជាមួយ គ្រប់ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងគោរពតាមការចង្អុលណែនាំ របស់ក្រុមប្រឹក្សាខេត្ដ គណៈអភិបាលខេត្ដ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង។ លើសពីនេះ ត្រូវចេះសម្របសម្រួលរាល់បញ្ហាដែលមាន ទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ហើយចងចាំថាអ្វីៗទាំងអស់ គឺត្រូវតែយកបទដ្ឋានច្បាប់ធ្វើជាគោល។ មិនតែប៉ុណ្ណោះ ត្រូវចេះប្រើប្រាស់ធនធានមនុស្សនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួក ធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់មន្ដ្រីរាជការក្រោមឱវាទ និងចេះផ្ដល់ឱកាសឲ្យសហការីរបស់ខ្លួនចូលរួមបញ្ចេញមតិជួយយើងក្នុងការសម្រេចកិច្ចការ។