នៅថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញមកសម្ពោធដាក់អោយប្រើប្រាស់នូវវិហាឥស្លាមជើមៀក ដែលមានទីតាំងនៅមិនឆ្ងាយពីទីរួម ខេត្តកំពង់ចាមដែលមានការចូលរួមពីមន្រ្តីរាជការ អង្គទូតបរទស និងបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមជា ច្រើនពាន់នាក់មកពីតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានមានប្រសាសន៍បង្ហាញនូវភាពរីករាយក្រៃលែងដែលបានចូលរួមសម្ពោធវិហារឥស្លាម នៅទីនេះ។ នេះគឺជាមោទនៈភាពធំធេងណាស់ដែលយើងសម្រេចបានលទ្ឋផលល្អប្រសើរឈានពីជំហាន មួយមកកាន់ជំហានមួយ។ តាមពិត សម្តេច ហេង សំរិន ធ្លាប់បានអញ្ជើញមកសម្ពោធវិហារនេះពីមុនមក ប៉ុន្តែពេលនោះគឺស្ថិតក្នុងស្ថានភាពក្រីក្រ។ ទន្ទឹមនឹងនេះដែរ ដោយសារកំណើនសិស្សានុសិស្ស និងតម្រូវ ការសាលារៀនបន្ថែមនៅទីនេះ សម្តេចតេជោ បានធ្វើអំណោយអាគារសិក្សាថ្មី១ខ្នង កំពស់៣ជាន់ មាន១៨បន្ទប់។ ក្នុងពេលដែលសហគមត្រូវការសាលារៀនថែម សម្តេចតេជោ ក៏នឹងជួយបន្ថែមនូវចំនួនគ្រូ បង្រៀនអោយបានគ្រប់គ្រាន់តាមសេចក្តីត្រូវការចាំបាច់។ កន្លងទៅ សម្តេចតេជោ បានផ្តល់កូតាគ្រូ បង្រៀនដល់សហគមខ្មែរឥស្លាមចំនួន ១,៥០០នាក់ ដែលបានជួយកាត់បន្ថយនូវបន្ទុកចំណាយយ៉ាង ច្រើនរបស់សហគមក្នុងនោះមានដូចជាប្រាក់ខែគ្រូបង្រៀនជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ថ្នាក់ដឹកនាំឥស្លាមទូទាំងប្រទេសដែលបានមកចូលរួមទទួល យកវិហារជារបស់សាសនិកឥស្លាមរួមនៅទីនេះ។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន គឺបាន ធ្វើកិច្ចការប្រទេសជាតិយ៉ាងច្រើន រួមទាំងសុខដមនីយកម្មផ្នែកសាសនាគឺសុខស្រួលគ្នាល្អណាស់។ ទោះបី យើងមានចម្រុះជាតិសាសន៍ខុសគ្នា មានជំនឿសាសនាខុសគ្នា គឺយើងមិនលំបាកក្នុងការកសាងប្រទេស ឡើយ។ យើងទាំងអស់គ្នាបន្តសុខដមនីយកម្មនេះតទៅទៀត។ ទោះបីកម្ពុជាមានសាសនាផ្លូវការជា ព្រះ ពុទ្ឋសាសនាក៏ដោយ តែយើងមិនប្រកាន់ឥស្លាមសាសនា ឬគ្រឹះសាសនាទេ។ បើទោះបីយើងមានជំនឿ អ្វីក៏ដោយនោះគឺជាសិទ្ឋិបុគ្គល គឺយើងមានទិសដៅរួមគ្នាតែមួយគឺសន្តិភាព និងការអភិវឌ្ឍ។ ក្នុងនោះ សម្តេចតេជោ បានលើកឡើងអំពីភាពមិនសមរម្យក្នុងការប្រើពាក្យថា ‘អ្នកាន់សាសនាឥស្លាមនិយមជ្រុល“ គឺគួរតែត្រូវបំបាត់ពាក្យនិយាយបែបនេះចោល។ ជាការពិត ទោះបីនៅក្នុងជនជាតិសាសន៍ ឬក្នុងសាសនា ណាក៏ដោយក៏មានពួកអ្នកជ្រុលនិយមដែរ គឺមិនមែនតែជាមួយអ្នកកាន់សាសនាឥស្លាមទេ ដូច្នេះគួរដក ពាក្យនេះចេញ។ ខ្ញុំសង្ឃឹមលើការរួបរួមរបស់ជនជាតិយើងដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។ ចំពោះក្របខណ្ឌ សិស្សនិស្សិត និងបញ្ញាវ័ន្តឥស្លាមទាំងក្នុងនិងក្រៅប្រទេសគឺត្រូវជំរុញអោយបាន រៀនចប់ មធ្យមសិក្សា និងឈានទៅកាន់ឧត្តមសិក្សា។
សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយមេដឹកនាំគណបក្សប្រជាជនជាច្រើនរូបទៀត មានមោទនភាពដែល បានចូលរួមកសាងប្រទេសចាប់តាំងពីបាតដៃទទេររហូតដល់មានការរីកចម្រើនមកទល់សព្វថ្ងៃ។ សម្តេច តេជោ បានអរគុណរដ្ឋាភិបាលម៉ាឡេស៊ី ដែលផ្តល់សិទ្ឋិជ្រកកោនដល់ពលរដ្ឋខ្មែរដែលបានរត់ភៀសខ្លួន ដោយសារសង្រ្គាមនិងរបប្រល័យពូជសាសន៍ប៉ុលពតទៅរស់នៅធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ រស់នៅ ស្រុកគេ សូមបងប្អូនគោរពច្បាប់ និងបោះឆ្នោតជូនគណបក្សម៉ាសឡេស៊ីដែលកាន់អំណាចសព្វថ្ងៃនេះ គឺ មិនខុសទេ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអរគុណបងប្អូនឥស្លាមដ៏ស្មោះ ដែលតែងតែ គាំទ្រ សម្តេចតេជោ ផ្ទាល់ និងបានបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់អាណត្តិ (គឺ៨០%បោះឆ្នោត ជូនគណបក្សប្រជាជន)។ ម៉្យាងវិញទៀត ចំពោះជំនឿនៃការទូន្មានព្រះអាឡោះគឺធ្វើអំពើល្អទៅវិញទៅ មក។ សម្តេចតេជោ បានបញ្ជាក់ថាគណបក្សប្រជាជនមិនមែនមានកម្មវិធីនយោបាយខ្យល់ឬសន្យាខ្យល់ ទេ គឺយើងធ្វើពិតប្រាកដ។ ជាលទ្ឋផល គឺយើងបានកាត់បន្ថយភាពក្រីក្រពីពីអត្រា ១០០% ចុះមក ១៣% នៅឆ្នាំ២០១៤។ មហិច្ឆិតារបស់យើងគឺនឹងធ្វើអោយកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអោយបន្តខិតខំរក្សាសន្តិភាពក្នុងដៃអោយជាប់។ យើងមិនអោយ បរទេសណាមកបំភ្លេចបំផ្លាញខ្មែរបានឡើយ។ សម្តេចតេជោ បានបញ្ជាក់ច្បាស់ថាបរទេសត្រូវតែគោរព អធិបតេយ្យភាពរបស់កម្ពុជា។ ការធ្វើបដិវត្តន៍ពណ៍កន្លងមកដូចនៅមជ្ឈឹមបូរព៍ារួមទាំង អ៊ីរ៉ាក់ លីបី យឺមែន ស៊ីរី គឺបានបំផ្លាញប្រទេសជាតិ និងធ្វើអោយបាត់បង់ជីវិតមនុស្សជាច្រើនមកទល់សព្វថ្ងៃនេះ។ កម្ពុជាយើង ខ្លោចផ្សារខ្លាំងណាស់តាមរយៈសង្រ្គាម។ ដូច្នេះតម្រូវការសំខាន់មុនគេគឺត្រូវរក្សាសន្តិភាពអោយខានតែ បាន។ គឺមិនអោយជនបរទេសប្រើប្រាស់ខ្មែរ មកសម្លាប់ខ្មែរតទៅទៀតទេ។ យើងមិនបំផ្លាញសេចក្តីសុខ របស់អ្នកណា ហើយយើងក៏មិនអោយអ្នកណាមកបំផ្លាញសេចក្តីសុខរបស់ខ្មែរបានដែរ។ ទាក់ទងនឹងព្រឹត្តិ ការណ៍ចាប់ខ្លួនបុគ្គលក្បត់ជាតិកន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាអោយធ្វើការស្រាវជ្រាវ ជាបន្ទាន់ដល់ជនបរទេសទាំងឡាយណាដែលបានលូកដៃចូលរួមក្នុងការឃុបឃិតបំផ្លាញកម្ពុជា។ ជនបរ ទេសទាំងឡាយណាក៏ដោយដែលមានបំណងបំផ្លាញកម្ពុជាត្រូវតែបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់។ ពួកគេមិនត្រូវមកជ្រៀជ្រែកការងារផ្ទៃក្នុង និងផលប្រយោជនប្រជាពលរដ្ឋ ព្រមទាំងផលប្រយោជន៍ជាតិ របស់ប្រទេសកម្ពុជាឡើយ។
ក្នុងពេលថ្លែងទៅកាន់បងប្អូនឥស្លាម ព្រឹកមិញនេះ សម្តេចតេជោបានលើកជាសំណួរថា “តើសាសនា ឥស្លាមនៅកម្ពុជានឹងស្ថិតស្ថេរដល់ពេលណា?” បើស្ថិតនៅក្រោមការដឹកនាំរបស់គណបក្ស ប្រជាជន កម្ពុជា គឺសាសនាឥស្លាមនឹងស្ថិតស្ថេររហូតដល់អស់អ្នកជឿ។ បើនៅក្រោមអ្នកដទៃ (បក្សនយោបាយ ដទៃ)គឺមិនធានាទេ។ ដូចយើងដឹងច្បាស់ហើយថា នៅកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត គឺបាន បំផ្លាញសាសនាចោលទាំងអស់។ ទើបមកដល់ថ្ងៃទី ៧ មករា ១៩៧៩ ទើប សាសនាទំាងអស់កើតឡើង វិញក្នុងថ្ងៃតែមួយ។ សម្តេចតេជោ បានបញ្ជាក់ថាស្ថានភាពប្រទេសយើង គឺកាន់តែទៅមុខប្រសើរឡើង បើគ្មានអ្នកមកបំផ្លាញ។ ច្បាស់ណាស់ បើគ្មានការខិតខំប្រឹងប្រែង និងគ្មានជំនឿរួមគ្នាទេនោះ គឺមិនអាចធ្វើ ឬកសាងអ្វីបានទេ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបំពាកមេដាយស្ថាបនាជាតិ ដល់សប្បុរសជន និងបានឧបត្ថម្ភថវិកាដល់បងប្អូនសហគមឥស្លាម រួមទាំងក្រុមយុវជន ដែលបានមកចូលរួមក្នុងពិធី សម្ពោធវិហារឥស្លាមព្រឹកមិញនេះប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលបំផុត។ ដោយ សារឆ្នាំមុនៗ សម្តេចតេជោ បានអញ្ជើញចូលរួមពិធីស្រាយបួសភាគច្រើនគឺនៅតែក្នុងភ្នំពេញ សម្រាប់ ពិធីស្រាយបួសឆ្នាំក្រោយ (២០១៨)សម្តេចតេជោ មានបំណងអញ្ជើញមកចូលរួមនៅទីនេះក្នុងខេត្ត កំពង់ចាមម្តង។ សម្តេចតេជោ បានអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួម ចំណែកកសាង វិហារសាសនាឥស្លាមនេះបានសម្រេច។ សូមឧទ្ទិសដល់ព្រះអាឡោះជួយដល់យើងទាំង អស់គ្នាអោយ បានចម្រុងចម្រើនទាំងអស់គ្នាទាំងបងប្អូនឥស្លាម និងបងប្អូនខ្មែរដែលមានជំនឿសាសនាផ្សេងៗសូម ប្រកបតែសេចក្តីសុខ និងមេត្តាករុណាចម្រុងចម្រើនគ្រប់ៗគ្នា៕
*យោងតាមការស្នើសុំសាលារៀនមួយចំនួនរបស់បងប្អូនខ្មែរ-ឥស្លាម នៅទីនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនចំនួន០៩ខ្នងបន្ថែមទៀត ដែលអគារសាសារៀននីមួយៗមាន០៦បន្ទប់ នៅក្នុងភូមិមួយចំនួន ដូចខាងក្រោម៖
១)នៅភូមិទួល ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២)នៅភូមិមាឃ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣)នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤)នៅភូមិគីឡូលេខ៧ ឃុំអរ័ក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៥)នៅភូមិឈើទើ ឃុំអរ័ក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៦)នៅភូមិ អូរប្រាំ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៧)នៅភូមិ កំពង់ក្របី ឃុំកំពង់ក្របី ស្រុកកំពង់សៀម ខេត្តកំពង់ចាម
៨)នៅភូមិ អន្លងស ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម
៩)នៅភូមិ តានង់ក្រោម ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម