អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តបាត់ដំបង បានចុះ MOU លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួល និងផ្សះផ្សាវិវាទដើម្បីពង្រឹងទំនាក់ទំនង និងសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមរយៈការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
ពិធីចុះ MOU នេះ ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពនានា ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានថ្លែងថា ការចុះ MOU នេះ គឺដើម្បីជួយគ្នាក្នុងការដោះស្រាយទំនាស់នានា និងទប់ស្កាត់កុំឱ្យទំនាស់ដែលបានដោះស្រាយរួចហើយ និងបានកើតសារជាថ្មីឡើងវិញកន្លងមក។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា MOU នេះ ជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងវិស័យយុត្តិធម៌ និងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទតាមការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនទៅជំនួស ឬលុបបំបាត់យន្តការដែលមានស្រាប់នោះទេ អ្វីដែលរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ធ្លាប់ ធ្វើពីមុនមកនៅបន្តការងារ របស់ខ្លួនដដែល ប៉ុន្តែយន្តការថ្មីនេះបង្កើតឡើងដើម្បីគាំទ្រ និងបំពេញបន្ថែមទៅលើយន្តការដែលមានស្រាប់។
ឯកឧត្តម ជិន ម៉ាលីន បានពន្យល់បន្ថែមថា យន្តការថ្មីនេះនឹងផ្ដល់ការគាំទ្របច្ចេកទេស តាមរយៈការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ជំនាញ វិធីសាស្រ្តនៃការដោះស្រាយវិវាទជូនដល់មន្រ្តីដែលកំពុងបំពេញការងារនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យប្រសើជាងមុន។
ដើម្បីធានាឱ្យការចុះ MOU អាចសម្រេចបានលទ្ធផលជាផ្លែផ្កាដូចការរំពឹងទុក និងដើម្បីធានាឱ្យការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានដោយរលូនប្រកបដោយប្រសិទ្ធភាព និងទទួលបានជំនឿទុកចិត្តពីសាធារណជនទូទៅ។
ឯកឧត្តម ជិន ម៉ាលីន បានស្នើតួអង្គពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញប្រកបដោយស្មារតីម៉ឺងមាត់ ទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងសម្របសម្រួលផ្សះផ្សាវិវាទ ធានាឱ្យបាននូវការគោរពឆន្ទៈរបស់គូភាគី ចៀសវាងឱ្យបាននូវការបង្ខិតបង្ខំ និងការធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគី។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ត្រូវបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវសុខដុមរមនាក្នុងសង្គមជាតិផងដែរ៕