នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំនៃអាជ្ញាធរទន្លេសាប ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួងធនធានទឹក និងឧតុនិយម គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាប បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូអមដំណើរ ដែលបានអញ្ជើញមកស្វែងយល់ផ្ទាល់ពីស្ថាប័នអាជ្ញាធរទន្លេសាប ព្រមទាំងបានជម្រាបជូនគណ:ប្រតិភូអំពីបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលផ្តល់នូវសក្តានុពលដ៏មានសារៈប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅរបស់មនុស្ស សត្វ រុក្ខជាតិ ដូចជា មច្ឆជាតិ ជីវៈចម្រុះគ្រប់ប្រភេទ ព្រៃលិចទឹក និងជាអាងទឹកឆ្លាតវៃក្នុងការផ្តល់ទឹកស្រោចស្រព កាត់បន្ថយគ្រោះទឹកទឹកជំនន់ពីទន្លេមេគង្គ។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាប បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការការពារបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែង បន្ទាប់ពីបឹងទន្លេសាប បាន និងកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីកត្តាមនុស្ស និងកត្តាបម្រែបម្រួលអាកាសធាតុ បណ្តាលឱ្យមានការបាត់បង់ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានអាជ្ញាធរទន្លេសាប ក៏បានជម្រាបជូន គណៈប្រតិភូក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិន ពីតម្រូវការចាំបាច់របស់អាជ្ញាធរទន្លេសាប ដើម្បីបន្តការគាំទ្រយ៉ាងមុតមាំក្នុងកិច្ចសហប្រតិបត្តិការភាពជាដៃគូយូរអង្វែងរវាងអាជ្ញាធរទន្លេសាប និងក្រសួងធនធានទឹកនៃសាធារណរដ្ឋប្រជាមានិតចិនលើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តីអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដើម្បីទទួលបាននូវសមត្ថភាពគ្រប់គ្រាន់លើការជួសជុលថែទាំឧបករណ៍ បច្ចេកទេស ការតាមដាន ត្រួតពិនិត្យ គ្រប់គ្រងគ្រោះទឹកជំនន់ និងភាពរាំងស្ងួត ការគ្រប់គ្រងធនធានទឹក គុណភាពទឹក និងការគ្រប់គ្រងបឹងទន្លេសាបឱ្យមាននិរន្តរភាព ធានាបាននូវបរិស្ថានធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបល្អប្រសើរ និងចែករំលែកបទពិសោធន៍ តាមរយ:ទស្សនកិច្ចសិក្សាស្វែងយល់នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ៕