នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដដែលនេះដែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានបន្តដឹកនាំប្រតិភូខេត្តចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តចំប៉ាសាក់ ប្រទេសឡាវ ក្នុងឱកាសនៃការបំពេញទស្សនៈកិច្ចនៅខេត្តនេះ ។
ឯកឧត្តម ប៊ុនថង ឌីវីសៃ អភិបាលខេត្តចំប៉ាសាក់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូខេត្តរតនគិរី នាឱកាសនេះ ឯកឧត្តមក៏បានជំរុញឲ្យខេត្តទាំងពីរមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ក្នុងនាមខេត្តស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នា ។
ឯកឧត្តម ថង សាវុន មានប្រសាសន៍ថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីចំពោះប្រតិភូខេត្តរតនគិរី ។ ឯកឧត្តមបន្តថា ដំណើរទស្សនៈកិច្ចនេះគឺជាការបន្តរឹតចំណងសាមគ្គីភាព ប្រពៃណីដែលមានជាប្រវត្តិសាស្ត្រ នៃប្រជាជាតិ និងប្រទេសទាំងពីរ ។ ចំពោះការជំរុញឲ្យមានការវិនិយោគទៅវិញទៅមកលើវិស័យនានានៅរវាងខេត្តទាំងពីរ ជាពិសេសវិស័យឯកជនឯកឧត្តមអភិបាលខេត្តរតនគិរី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដើម្បីសំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរៀងៗខ្លួន ។ ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបជូនអំពីស្ថានភាពការអភិវឌ្ឍនៅក្នុងខេត្តរតនគិរី ក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បានប្រែក្លាយពីខេត្តដាច់ស្រយ៉ាលទៅជាខេត្តដែលមានបណ្តាញគមនាគមន៍ ស្ពាន ភ្លើង និងបានជំរុញកំណើនប្រជាជន លើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ក្នុងឱកាសនៃដែរ ឯកឧត្តម ថង សាវុន បានមានប្រសាសន៍អញ្ជើញឯកឧត្តមអភិបាលខេត្តចំប៉ាសាក់ ឲ្យបំពេញទស្សនៈកិច្ចផ្លូវការ បង្កើតទំនាក់ទំនងផ្នែកយុវជន ឬតាមរយៈកីឡា នៅខេត្តរតនគិរី នាពេលវេលាសមស្របណាមួយ ដើម្បីបានឃើញផ្ទាល់អំពីសក្តានុពលនៅខេត្តរតនគិរី និងបង្កើនចំណងសាមគ្គភាព មិត្តភាពបន្ថែមទៀត ។