ឯកឧត្តម ឆាយ ឫទ្ធិសែន​ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្ដីបច្ចេកទេស ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សគោលនយោបាយ ផងដែរ។

មានប្រសាន៍បើកអង្គប្រជុំ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានថ្លែងអំណរគុណជូនចំពោះក្រុមការងារតាក់តែងគោលនយោបាយ និងបានផ្តល់យោបល់តម្រង់ទិសក្នុងការតាក់តែងគោលនយោបាយនេះឡើង ។ បន្ទាប់មក លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញ ស្ដីពីសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ជូនដល់អង្គប្រជុំដោយ ផ្ដោតលើចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ដ្រ កម្មវិធី និងវិធីសាស្ដ្រ ទាក់ទិនទៅនឹងការអភិវឌ្ឍន៍ជនបទលើគ្រប់វិស័យ ។ បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ កិច្ចប្រជុំនេះបានធ្វើការពិភាក្សា ផ្ដល់យោបល់យ៉ាងផុលផុស លើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ព្រមទាំងបានចូលរួមផ្ដល់មតិយោបល់ និងសំណូមពរនានា ដែលជាធាតុចូលដ៏សំខាន់បន្ថែមទៀត ធ្វើឱ្យសេចក្ដីព្រាងគោលនយោបាននេះ កាន់តែមានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ ។

មុននិងបញ្ចប់នៃកិច្ចប្រជុំឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ ក្រុមការងារតាក់តែងគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានខិតខំរៀបចំនាពេលកន្លងមក ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីក៏ថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកឧត្តម ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សគោលនយោបាយ ដែលបានចូលរួមរៀបចំ និងផ្ដល់ជាធាតុចូលសំខាន់ៗ លេីគោលនយោបាយនាពេលកន្លងមក ។ កន្លងមកក្រសួងក៏ធ្លាប់បានប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័ន្ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទនេះផងដែ ដើម្បីបន្ថែមនូវធាតុចូលអោយកាន់តែពេញលេញ គ្រប់ជ្រុងជ្រោយដើម្បីឱ្យសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល គឺ កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាប័ន្ន និងចីរភាព ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានផ្លល់ជាអនុសាសន៍បន្ថែម ដើម្បីឱ្យក្រមការងារបញ្ចូលធាតុចូលល្អៗដែលបានពិក្សានាពេលនេះ ចូលទៅក្នុងគោលនយោបាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យគោលនយោបាយអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០២៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទឈានទៅបញ្ចប់នៅក្នុងខែ មិថុនា ឆ្នាំ២០២៥ និងរៀបចំដាក់ឆ្លងជូនទៅទីស្ដីការគណៈរដ្ឋមន្រ្ដី ៕