នាព្រឹកថ្ងៃទី១២ ខែមិថុនា ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការទទួលបន្ទុកធាតុចូលកសិកម្ម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី និងថ្នាំកសិកម្ម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្ម ជាពិសេសនាយកដ្ឋានជំនាញទាំងពីរ ដែលបាននិងកំពុងអនុវត្តការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្តល់សេវាឆាប់រហ័សដល់ក្រុមហ៊ុននាំចូល ធានាបាននូវរំហូរនៃការផ្គត់ផ្គង់ជី និងថ្នាំកសិកម្មបានទាន់ពេលវេលាជួយដល់ការដាំដុះរបស់ប្រជាកសិករនៅទូទាំងប្រទេស និងបើកឱ្យមានក្រុមហ៊ុនច្រើនប្រកួតប្រជែងគ្នានាំចូល និងលក់ក្នុងតម្លៃកាន់តែសមស្របជូនដល់កសិករដើម្បីចូលរួមកាត់បន្ថយថ្លៃដើមផលិត។
ឯកឧត្តមបានណែនាំឱ្យមន្រ្តីជំនាញបង្កើនការចុះអធិការកិច្ចឱ្យកាន់តែសកម្មថែមទៀត ទាំងនៅតាមឃ្លាំងសន្និធិរបស់ក្រុមហ៊ុន និងដេប៉ូលក់ដុំ-រាយជី និងថ្នាំកសិកម្មរាជធានី-ខេត្ត ដើម្បីធានាថា ផលិតផលដែលកំពុងចរាចរ គឺជាផលិតផលស្របច្បាប់ មានការទុកដាក់វេចខ្ចប់ត្រឹមត្រូវ និងមានគុណភាពស្របតាមស្តង់ដារ។ ទន្ទឹមនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតអំពីសកម្មភាពរបស់មន្រ្តីជំនាញ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរកសិកម្មរាជធានី-ខេត្ត និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបន្តធានាបាននូវទំនុកចិត្តរបស់កសិករ និងអ្នកប្រើប្រាស់។
ឯកឧត្តមបានបន្ថែមថា នៅដើមសប្តាហ៍ក្រោយនេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយថ្លៃដើមផលិត តាមរយៈបច្ចេកទេសប្រើប្រាស់ជី និងថ្នាំកសិកម្ម នៅខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំក្នុងការផ្តល់ការគាំទ្រចាំបាច់ដល់កសិករក្នុងការគណនាថ្លៃដើមផលិត និងចែករំលែកបច្ចេកទេសប្រើប្រាស់ជី និងថ្នាំកសិសកម្ម និងការដាំដុះដំណាំដែលជួយកាត់បន្ថយការចំណាយថ្លៃដើម។ ជាងនេះទៀត ក្រសួងក៏គ្រោងរៀបចំវគ្គពង្រឹងសមត្ថភាពសម្រាប់បុគ្គលិកក្រុមហ៊ុនផងដែរ ដើម្បីរួមសហការជាមួយក្រសួងពង្រឹងប្រសិទ្ធភាពនៃការងារគ្រប់គ្រងជី និងថ្នាំឱ្យកាន់តែល្អប្រសើរថែមទៀត៕