(ស្វាយរៀង)៖ នារសៀលថ្ងៃសុក្រ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ ឆស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងដីឡូតិ៍ភូមិមរតក បានអញ្ជើញជាអធិបតីក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិចំនួន១០១បណ្ណ ជូនអតិថិជនគម្រោងដីឡូតិ៍ ភូមិមរតក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលក្រុងស្វាយរៀង ព្រមទាំងបងប្អូនប្រជាពលដែលអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធជាច្រើនរូបទៀត។
មានប្រសាសន៍នូវក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួសុខទុក្ខពីដំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលប័ណ្ណកម្មសិទ្ធនៅថ្ងៃនេះផងដែរ ។
ឯកឧត្តមអភិបាលខេត្តបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធ និងគម្រោងដីឡូតិ៍ភូមិមរតក ហើយបានផ្តល់ការសហការផ្តល់ព័ត៌មានទាំងឯកសារ និងសំណុំរឿងជុំវិញករណីនេះមកដល់អាជ្ញាធរដើម្បីជាយានឈានទៅដល់ការដោះស្រាយជូនប្អូនទៅតាមលទ្ធភាពជាក់ស្តែង។ ឯកឧត្តមបញ្ជាក់ទៀតថា បញ្ហាដែលបានកើតឡើងចំពោះបងប្អូនប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតកនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ គឺតែងតែគិតគូយកចិត្តទុកដាក់ដោះស្រាយតាមសាច់រឿងនីមួយៗ ទាំងផ្នែកទិដ្ឋភាពច្បាប់ និងការសម្រួលក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ជាក់ស្តែងថ្នាក់ដឹកនាំក្រសួងដែនដី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធតែងតែរកគ្រប់វិធីក្នុងដោះស្រាយបញ្ហាដែលកើតមានកន្លងមក ហើយទទួលលទ្ធផលល្អជាជំហ៊ានៗ ដូចដែលយើងបានឃេីញរៀបចំចែកប័ណ្ណកម្មសិទ្ធស្របច្បាប់ចំនួន១០១បណ្ណ ជូនបងប្អូននៅថ្ងៃនេះ ហើយនិងបន្តធ្វើជាជំហានបន្តបន្ទាប់ទៀតនៅពេលខាងមុខ។