សភា នឹងមិនលើកយករឿងអាស្រូវ ឯកឧត្តម កឹម សុខាទៅពិភាក្សាទេ


ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុងបានអោយដឹងថា នៅក្នុង សម័យប្រជុំ ថ្ងៃទី៤មេសា ខាងមុខនេះ នឹងមិនលើកយក រឿងអាស្រូវស្នេហា របស់ឯកឧត្តមកឹម សុខា ទៅពិភាក្សាឡើយ។
លោកឡេង ប៉េងឡុង បន្ថែមថា” អ្វីដែលប្រជុំ នៅពេលខាងមុខនោះ គឺមាន៥​ របៀបវារៈនឹង មិនមាន ប្រធានបទ រឿងអាស្រូវ ឯកឧត្តមកឹម សុខាទេ”។
រដ្ឋសភាជាតិ នឹងបើកសម័យប្រជុំ ពេញអង្គលើកទី ៦ នីតិកាលទី៥ នៅព្រឹកថ្ងៃច័ន្ទ ទី៤មេសា សប្តាហ៍ ក្រោយនេះ។ យោងតាមសេចក្តីប្រកាស ព័ត៌មានរដ្ឋសភា កាលថ្ងៃទី៣០ មីនា ឲ្យដឹងថា គណៈកម្មាធិការអចិ ន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំនេះ លើករបៀបវារៈ៖ ១ ព្រះរាជសា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំ រដ្ឋសភាលើកទី ៦ នីតិកាលទី ៥។ ២ របាយការណ៏ស្តីពី សកម្មភាពរបស់ រដ្ឋសភា ចន្លោះសម័យប្រជុំ រដ្ឋសភាលើកទី ៥ និងលើកទី ៦ នីតិកាលទី ៥។ ៣ ការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត សមាសភាព សមាជិក រាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន ២៦រូប។ ៤ ការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ១រូប និងទី៥ ការពិភាក្សា និងអនុម័តលើ សេចក្តីព្រាងច្បាប់ ស្តីពីសហជីព។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋសភាប្រកាសថា អាចនឹងបង្កើតគណៈកម្មការ ពិសេសមួយ ដើម្បីស៊ើបអង្កេត ករណីឯកឧត្តម កឹម សុខា។ ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ខាងគណបក្ស ប្រជាជនកម្ពុជា លោកឈាង វុន បានបញ្ជាក់ នៅចំពោះមុខ តំណាងក្រុមយុវជន ស្រី ចំរើន បន្ទាប់ពី ទទួលយកញត្តិភ្លាមថា រដ្ឋសភា អាចមានលទ្ឋភាព បង្កើតគណៈកម្មការ អង្កេតពិសេសមួយ ដើម្បីធ្វើការលើ សំណុំរឿងឯកឧត្តម កឹម សុខា។
កាលពីដើមសប្តាហ៍នេះ ក្រុមយុវជនប្រមាណជា១០០នាក់ ដឺកនាំដោយយុវជន ស្រី ចំរើន បាននាំគ្នាហែ ញត្តិទាមទារឲ្យ ឯកឧត្តម កឹម សុខា បកស្រាយការពិត ជុំវិញរឿងអាស្រូវស្នេហា ដាក់ទៅកាន់រដ្ឋសភាជាតិ ទីស្នាក់អង្គការ សហប្រជាជាតិ នៅកម្ពុជា ទីស្នាក់គណបក្ស សង្គ្រោះជាតិ និងគេហដ្ឋាន ឯកឧត្តម កឹម សុខា ក្នុងនោះការហែញតិ្តនោះ មានយុវជនខ្លះ បានពាក់អាវយឺត មួក និង លើកទង់គណបក្ស សង្គ្រោះជាតិផងដែរ។
គណបក្សសង្គ្រោះជាតិ ចេញមុខថ្កោលទោស យ៉ាងម៉ឺងម៉ាត់ ចំពោះការប្រើប្រាស់អាវយឺត មួក និងទង់គណបក្ស សង្គ្រោះជាតិ សម្រាប់ ធ្វើសកម្មភាព របស់ពួកគេ។ គណបក្សប្រឆាំង បានស្នើឲ្យអាជ្ញាធរ ដកហូតនូវ របស់ទាំងនេះ ជាបន្ទាន់ និង គ្រោងប្តឹងក្រុមយុវជន ទាំងនោះទៅកាន់ តុលាការផងដែរ។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការថ្កោលទោស យុវជនស្រី ចំរើន លើកឡើងថា បើឯកឧត្តម កឹម សុខា រក្សាជំហរគណបក្ស លោកមិនបានទេ សូមលាឈប់ពីជិវិត អ្នកនយោបាយទៅ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់លោកអោម យិនទៀង ក៏ព្រមទទួលយក សំណើររបស់យុវជន ឈ្មោះស្រីចំរើន ទៅសើបអង្កេត និងគំរាមបើកកញ្ចប់ ប្រកាសទ្រព្យសម្បតិ្ត របស់ឯកឧត្តមកឹម សុខាទៀតផង។ ក្រៅពីគំរាមចាត់ វិធានការណ៍លើក ប្រធានស្តីទី គណបក្សនេះហើយ លោកអោម យិនទៀង ក៏ព្រមានទំលាយ អាថ៌កំបាំងរបស់ ប្រធានបក្សជំទាស់ ឯកឧត្តម សម រង្ស៉ីផងដែរ បើនៅតែការពារឯកឧត្តមកឹម សុខា។
សូមរំលឹកថា តុលាការដំបូងបានកោះហៅ ម្ចាស់ហាងកាត់សក់ ខ្មែរអង្គរ និងកញ្ញាស្រីមុំ ចូលបំភ្លឺ ជុំវិញរឿងចោទប្រកាន់ ថាស្រីមុំមានស្នេហា លួចលាក់ជាមួយ ឯកឧត្តមកឹម សុខា។ ប៉ុន្តែធ្វើឡើងខុសថ្ងៃគ្នា ដោយម្ចាស់ហាង កាត់សក់បំភ្លឺ នៅថ្ងៃទី៥មេសា និងកញ្ញាស្រីមុំ បំភ្លឺនៅថ្ងៃទី៨មេសា៕