ឯកឧត្តមឈួរ ច័ន្ទឌឿនៈអំពាវនាវដល់កងកំលាំងប្រដាប់អាវុធនិងមន្រ្តីរាជការត្រូវរួមគ្នាថែរក្សាសន្តិភាពអោយបានគង់វង្ស


កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់កងកំលាំងប្រដាប់អាវុធនិងមន្រ្តីរាជការនៅទូទាំងខេត្តកំពង់ឆ្នាំងត្រូវបន្តរួមគ្នាថែរក្សាសន្តិភាពដែលមានបច្ចុប្បន្នអោយបានគង់វង្សនិងទប់ស្កាត់ ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិដែលដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ឯកឧត្តមបានអំពាវនាវបែបនេះនាព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៧ក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុខសន្តិភាព ប្រឆាំងចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាច ស្របច្បាប់នៅកម្ពុជា ដោយមានការចូលរួមពីលោកជំទាវដោក សុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការចូលរួមសរុបចំនួន៨៩៧នាក់។

ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានជំរុញអោយមន្រ្តីរាជការគ្រប់លំដាប់ត្រូវបន្តបំរេីសេវានិងដោះស្រាយរាល់សំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
ត្រូវលុបបំបាត់ភាពអសកម្មដែលធ្វើអោយមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅរបស់ប្រជាជនដែលជួបការលំបាកក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានទាន់ពេលវេលានិងត្រូវទប់ស្កាត់អោយបាននូវបទល្មើសផ្សេងៗកុំអោយកើតមានក្នុងមូលដ្ឋានរបស់ខ្លួន សំខាន់ផ្សព្វផ្សាយអោយប្រជាពលរដ្ឋអោយយល់និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕