ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យលោកស្រី Carin Salerno ប្រធានភ្នាក់ងារស្វីសអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួប សម្តែងការគួរសម


នៅទីស្តីការក្រសួងកាលពីវេលាម៉ោង ៣:០០ រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី Carin Salerno ប្រធានភ្នាក់ងារស្វីសអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួប សម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសយើងទាំងពីរ ព្រមទាំងប្រឹក្សាយោបល់ស្តីពីយុទ្ធសាស្រ្តថ្មីៗសម្រាប់អនុវត្តគម្រោង ២០១៨-២០២២ អោយស្របទៅនឹងគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ប្រធានបទមួយចំនួនត្រូវបានពិនិត្យ និងពិភាក្សារួមមាន៖
ទី១. ការកាត់បន្ថយភាពក្រីក្រ ដោយយកចិត្តទុកដាក់លើជីវភាពរបស់កសិករខ្នាតតូច
ទី២. បង្កើនសមត្ថភាព និងធនធានប្រជាកសិករតាមរយះ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ទី៣. លើកកម្ពស់អាហារូប្ថម្ភ និងសុវត្ថិភាពចំណីអាហារ
ទី៤. ការផ្សារភ្ជាប់វិស័យសាធារណៈ និងវិស័យឯកជន
ទី៥. ជំរុញការធ្វើពិពិធកម្មកសិកម្ម និងទំនើបកម្ម ដើម្បីបង្កើនផលិតផល និងតម្រូវការពលកម្មរបស់ប្រជាកសិករតិច
ទី៦. បង្កើនសមត្ថភាពគ្រប់គ្រងទឹក និងការធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព ដោយប្រើទឹកតិច
នាឪកាសនេះឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសស្វីស ដែលបានបន្តជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមក៏បានស្នើដល់ប្រទេសស្វីស តាមរយៈលោកស្រីប្រធាន គិតគូរដល់ការលើកកម្ពស់ការវិនិយោគបច្ចេកវិទ្យាទំនើប ជាពិសេសការកសាងប្រព័ន្ធស្រោចស្រពទំនើបដែលមានប្រសិទ្ធភាព និងនិរន្តរភាពជូនប្រជាកសិករ ដើម្បីបង្កើនផលិតផល ក៏ដូចជាកាត់បន្ថយថ្លៃដើម និងពលកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើដល់លោកស្រីបង្កើនចំណាប់អារម្មណ៍លើការចិញ្ចឹមសត្វស្លាប និងសត្វគោ ក្របី និងការដាំដុះប្ញស្សីយកទំពាំងនៅតាមសហគមន៍ព្រៃឈើ ជាពិសេស បង្កើនការយល់ដឹងដល់កសិករ អំពីការស្វែងយល់ពីទីផ្សារ និងការផ្គត់ផ្គង់ដល់ទីផ្សារដោយមានការវេចខ្ចប់ ស្របតាមស្តង់ដា អនាម័យ និងភូតគាមអនាម័យ។