សម្តេចភក្តី សាយឈុំ និងលោកជំទាវ ទទួលកាន់បិណ្ឌវេនទី១១ នៅវត្តលង្កា ព្រះកុសុមារាម


នារសៀលថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយ ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ ដោយចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា នៅឧបដ្ឋានសាលា វត្តលង្កា ព្រះកុសុមារាម ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លុះវេលាព្រឹកឡើងត្រូវនឹងថ្ងៃព្រហស្បត៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចភក្តី លោកជំទាវ និងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំប្រគេនយាគូ និងប្រារព្ធកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា ហើយ រាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ ដារឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យកាន់បិណ្ឌវេនទី១១ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា សោមនស្សរីករាយ ពោពេញដោយក្តី សប្បុរសដ៏ជ្រាលជ្រៅបំផុត រួមចំណែកលើកតម្កើងប្រពៃណីជាតិខ្មែរឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរសម្តេចភក្តី លោកជំទាវ រួមជាមួយក្រុមពុទ្ធបរស័ទទាំងអស់ក៏បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយរួមមាន : មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងយុទ្ធជន ប្រជាជនអ្នកស្នេហាជាតិមាតុភូមិទាំងអស់ ជាពិសេសវីរៈកងទ័ពពលីលើសមរភូមិក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នាពេលថ្មីៗកន្លងទៅនេះ សូមអនុមោទនាទទួលយកនូវកុសលផលបុណ្យទាំងឡាយនេះ និងសូមលោកអ្នកដ៏មានឧបការគុណទាំងនោះ បានរួចផុតពីទុក្ខទោសទាំងឡាយទាំងពួង និងសូមឱ្យបានទៅសោយសុខក្នុងសុគតិភពជាទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕