អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍លោក ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច សិក្សាអំពីស្ថានភាពទូទៅក្នុងខេត្តប៉ៃលិន គោលដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ សក្តានុពលវិស័យកសិកម្ម ទេសចរណ៍បរិស្ថានធម្មជាតិ ព្រោះខេត្តប៉ៃលិនជាខេត្តមួយសំបូរសក្តានុពល កសិកម្មធម្មជាតិ និង បរិស្ថានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង សំរាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអង់គ្លេសប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ទឹកដីខេត្តប៉ៃលិនកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីស្ថានភាពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងសក្តានុពលរបស់ខេត្ត។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា អង់គ្លេស និងកម្ពុជាគឺជាមិត្ដដ៏ជិតស្និទ្ធមិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាង ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរចំណងមិត្តភាពនេះ បានប្រែក្លាយទៅជាមិត្តភាព ដែលមិនអាចកាត់ថ្លៃបាន និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នាឱ្យបានកាន់តែស្អិតរមួតបន្ថែមទៀត ហើយជាក់ស្តែងនៅខេត្តប៉ៃលិន រដ្ឋាភិបាល និងប្រជាជនអង់គ្លេស កន្លងមកបានជួយឧត្ថម្ភគាំទ្រលើវិស័យនានាជាច្រើន រួមទាំងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ ដើម្បីបានបន្តការសិក្សានៅចក្រភពអង់គ្លេសផងដែរ។

ជាការឆ្លើយតបលោក ដូមីនីក វិលលៀមស៍ (Dominic Williams) បានកោតសរសើ វាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តប៉ៃលិន ព្រមទាំងសន្យាថា នឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តី ត្រូវការរបស់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងនាមប្រទេសជាមិត្តដ៏យូអង្វែង ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕