ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១១ នៅវត្តច្រកស្វាយ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ការចូលរួមនេះធ្វើឡើងក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលមានអ្នកចូលរួមប្រមាណ៣២០អង្គ-នាក់។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង។ សម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ សុខទុក្ខរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានជួបសំណេះសំណាល និងសួរសុខទុក្ខដោយក្ដីគោរព និងក្ដីស្រលាញ់ចំពោះព្រះសង្ឃ លោកតាលោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូន និងក្មួយៗ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ។ ការជួបជុំគ្នាពោរពេញទៅដោយភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋនៅមូលដ្ឋាន។
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ ដែលមានតាំងពីបរមបុរាណ ហើយមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការបង្ហាញនូវសេចក្ដីកតញ្ញូ និងការដឹងគុណចំពោះបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ ពិធីនេះជាឱកាសមួយសម្រាប់កូនចៅធ្វើការឧទ្ទិសកុសលផលបុណ្យជូនដូនតា និងជាការបណ្ដុះនូវសេចក្ដីសាមគ្គីក្នុងសង្គមជាតិផងដែរ៕













