នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការក្រោមឱវាទ ជាពិសេសមន្ត្រីសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតអភិបាល ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់រយៈពេល០៩ខែកន្លងមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង ដូច្នេះហើយដែលរដ្ឋបាលតែងយកចិត្តទុកដាក់ចំពោះកិច្ចខំប្រឹងប្រែងរបស់បងប្អូនមន្ត្រីរាជកាក្រោមឱវាទ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងវាយតម្លៃខ្ពស់ ចំពោះរាល់កិច្ច ខិតខំប្រឹងប្រែង របស់មន្រី្ដរាជការទាំងអស់ ដែលបានបំពេញការងារ ទទួលបានលទ្ធផលល្អ និងបន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសការយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឯកឧត្តមបណ្ឌិតបានផ្ដាំផ្ញើមន្ត្រីរាជការនៅក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌនេះដែរ រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ៕