គណៈកម្មាធិការរៀបចំរបស់ AIPA លើកទី៤៦ បានអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចចំនួនពីរ ដែលស្នើឡើងដោយសភាកម្ពុជា


ឯកឧត្តម លី ឆេង អនុប្រធានគណៈកម្មការទី៨នៃរដ្ឋសភា នៅថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំបូកសរុបនៃមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងគូឡាឡាំពួរ។ កិច្ចប្រជុំគណៈកម្មការរៀបចំ ពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច និងឯកសារចំនួន ១៦។

នៅក្នុងនោះមានសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ផ្តួចផ្តើមឡើងដោយសភានៃកម្ពុជា ទី១៖ សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និងទី២៖ សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។

សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា។ សភាកម្ពុជាតាក់តែងឡើង ក្នុងគោលបំណងបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា សំដៅលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។ ចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព។

ចំពោះសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងរបស់គឺដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ «បរិយាបន្ន និងចីរភាព»