លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិសេស ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត និងពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ព្រមទាំងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវភ្ជុំបិណ្ឌ តាមបណ្តាវត្តអារាមទូទាំងខេត្ត។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការការពារបូរណៈភាពទឹកដី, ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ រាល់ករណីបទល្មើសឆ្លងដែនខុសច្បាប់ ជាពិសេសត្រូវដាក់កម្លាំងការពារល្បាតតាមទីកន្លែងកម្សាន្តនានា មួយវិញទៀត តាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមានមន្ត្រីនៅប្រចាំការ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិតបានលើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធាដោយសាររាជរដ្ឋាភិបាលកម្ពុជា បានគិតគិតគូខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ភូមិ ឃុំ ស្រុកខេត្តនៅទូទាំងប្រទេស ហើយជាក់ស្តែងក្នុងពេលស្ថានភាពព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនពលករ ដែលត្រលប់មកពីប្រទេសថៃវិញ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួនទៀត។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហាដែលកើតមានឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជនស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕