ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (United Nations Development Programme – UNDP) ប្រចាំកម្ពុជា។
ក្នុងជំនួបនាឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរជូនលោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីក្របខណ្ឌគោលនយោបាយរបស់កម្ពុជាលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការវិនិយោគឯកជន ដែលជាការងារស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លើកឡើងក្នុងឱកាសនេះ លោក អេនរីកូ ហ្គាវេលីយ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាជូនលោក និងក្រុមការងារបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ហើយលោកក៏បានបញ្ជាក់ឡើងវិញផងដែរអំពីភាពជាដៃគូជិតស្និទ្ធរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ចំពោះកិច្ចការងារវិនិយោគ លោកក៏បានបង្ហាញជូនអំពីគោលនយោបាយថ្មីៗរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលជាកិច្ចសហប្រតិបត្តិការគាំទ្រជំរុញដល់ការផ្សព្វផ្សាយអំពីសក្តានុពលកម្ពុជា ពង្រឹងបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតមកកម្ពុជាផងដែរ៕