អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតទៅ អភិបាលខេត្តស្រះកែវរបស់ថៃ ស្តីពីការស្នើសុំឱ្យអនុវត្តនូវគោលការណ៍៤ ចំណុចដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥


អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានផ្ញើលិខិតមួយជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃដោយស្នើសុំឱ្យអនុវត្តនូវគោលការណ៍ចំនួន៤ចំណុច ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា។

តាមលិខិតដែលបណ្តាញព័ត៌មាន ទទួលបាន អភិបាលខេត្តបន្ទាយមានជ័យ​ បានបញ្ជាក់ប្រាប់អភិបាលខេត្តស្រះកែវថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានស្នើសុំទៅភាគីខេត្តស្រះកែវ ចំនួន៤ចំណុចដូចខាងក្រោម៖

១៖ ស្នើសុំរក្សាស្ថានភាពដើម ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ RBC នាពេលកន្លងមក និងលទ្ធផលនៃកិច្ចប្រជុំពិសេស GBC កាលពីថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយមិនត្រូវពង្រីកវិសាលភាពនៃបញ្ហា ឬការខ្វែងគំនិតគ្នា ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចំរុះព្រំដែន(JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ នាពេលខាងមុខ។

២៖ ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេស MOU ឆ្នាំ២០០០ និង TOR ឆ្នាំ២០០៣ ភាគីថៃ ត្រូវឱ្យប្រជាពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះរបស់ពួកគាត់វិញ និងត្រូវដោះបន្លាលួស ស្បៃ និងកង់ឡានចេញពីទីតាំងដែលថៃបានដាក់។

៣៖ ស្នើសុំភាគីថៃជៀសវាងការធ្វើសកម្មភាពផ្សេងៗ ដូចជា៖ ការដាក់បន្លាលួសបន្ថែម ការចេញបណ្ណ កម្មសិទ្ធិ ការធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាជនដែលនៅជាប់គ្រងបន្ទាលស និងធ្វើសកម្មភាពផ្សេងទៀតនៅលើទីតាំង ឬតំបន់ដែលឈBCនៃភាគីទាំងពីរពុំទាន់បានឯកភាពគ្នា។

៤៖ ករណីដែលពុំមែនជាភារកិច្ច និងសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវបញ្ជូនទៅ GBC និង JBC

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានស្នើឱ្យ អភិបាលខេត្តស្រះកែវ ជ្រាប និងសហការចូលរួមអនុវត្តដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តី ញុះញង់ ឈានដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ច ចរចារដោយសន្តិវិធី៕