ក្រុមស្វែងរកការងារជូនបងប្អូនអតីតពលករមកពីថៃ ១២៩៧ បន្តដំណើរការធម្មតាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ


ប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដំណើរការជាធម្មតាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ដូច្នេះ បងប្អូនអតីតពលករខ្មែរត្រឡប់ពីថៃ នៅតែអាចទាក់ទងដើម្បីស្វែងរកការងារធ្វើបានជាធម្មតា ខណៈដែលឱកាសការងារក្នុងស្រុក នៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀត។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏ក្រុមការងារប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តបម្រើសេវាស្វែងរកការងារជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីថៃវិញជាធម្មតា។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើត សូមជួយផ្សព្វផ្សាយអំពីប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនបងប្អូនអតីតពលករត្រឡប់មកពីថៃ ដើម្បីឱ្យពួកគាត់ទាក់ទង ហើយអាចទទួលបានឱកាសការងារ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ចប់។ ចំពោះការទាក់ទងប្រព័ន្ធ Hotline លេខ ១២៩៧ នេះ គឺឥតគិតថ្លៃ។

នៅសល់ឱកាសការងារចំនួន ៨៤ ៧៦៧កន្លែងទៀត នូវរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម៕