សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទនភាពចំពោះវត្តមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានសាងសង់ឡើងក្រោមទុនវិនិយោគ ប្រមាណ២ ៣០០លានដុល្លារ ដែលជារបស់កូនខ្មែរ ១០០% នឹងចូលរួមជាកម្លាំងចលករ នៅក្នុងការទាក់ទាញទេសចរណ៍ និងវិនិយោគិន មកកាន់កម្ពុជាកាន់តែច្រើន ព្រមទាំងរួមចំណែកពង្រីកសេដ្ឋកិច្ចជាតិ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈពិសេស និងធំជាងគេនាពេលបច្ចុប្បន្ននេះនៅកម្ពុជា ដែលជាមោទនភាពមួយរបស់កម្ពុជា ហើយអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចូលរួមចំណែកជំរុញគោលនយោបាយបើកចំហរជើងមេឃឱ្យកាន់តែរីកចម្រើន។ រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវអាកាសជាមួយបណ្តាប្រទេសជាច្រើន ដែលកាលពីកាលមុន កម្ពុជាទាន់មានជើងហោះហើរត្រង់ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាបានភ្ជាប់ជើងហោះហើរត្រង់។ សម្តេចរំពឹងថា នៅពេលខាងមុខ កម្ពុជានឹងបន្តភ្ជាប់ជើងហោះហើរបន្ថែមទៀត ជាពិសេសហោះហើរឆ្លងទ្វីប ដោយសារព្រលានយន្តហោះថ្មីនេះ មានសមត្ថភាពទទួលបានការចុះចតរបស់យន្តគ្រប់ទំហំទាំងពីអស់ពីពិភពលោក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលជាយុទ្ធសាស្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រយៈពេលវែង និងត្រូវអនុវត្តជា៥ដំណាក់កាល សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដោយរក្សា «ផ្លូវ» ជាវិស័យអាទិភាពទី២ ដដែល សម្រាប់ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ ស្របតាមនិន្នាការតំបន់ និងសកល តាមរយៈការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក។ ផ្លូវអាកាស គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ចាំបាច់មួយ ដើម្បីបម្រើដល់វិស័យទេសចរណ៍ វិនិយោគ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង, ក៏ដូចជាគោលដៅផ្សេងៗរាប់មិនអស់។ ដូច្នេះខ្ញុំជឿជាក់ថាអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមជាកម្លាំងចលករ នៅក្នុងការទាក់ទាញ ទេសចរណ៍ និងវិនិយោគិន មកកាន់កម្ពុជាកាន់តែច្រើន ជាងមុនពេលជំងឺកូវីដ១៩ ទៅទៀត ពីព្រោះសមត្ថភាពទទួលអ្នកដំណើរ ត្រូវបានពង្រីក ហើយយើងបានទទួលជើងយន្តហោះទាំងក្នុងតំបន់ និងជើងយន្តហោះពីដំណាក់ឆ្ងាយឆ្លងទ្វីប មកកាន់កម្ពុជាផងដែរ»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងផងដែរថា នៅពេលខាងមុនឆាប់ៗនេះ កម្ពុជានឹងត្រៀមទទួលជើងយន្តហោះមួយថែមទៀត ខណៈទើបតែទទួលបានការភ្ជាប់ជើងយន្តហោះថ្មីមួយ ពីអេធីហាត់ ហើយសង្ឃឹមថានៅពេលខាងមុខ នឹងទទួលបានការភ្ជាប់ជើងហោះហើរពីបណ្តាប្រទេសដទៃទៀត។
បើតាមការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់កាលទី១ បានប្រើប្រាស់ទុនវិនិយោគប្រមាណ២៣០០លានដុល្លារ ដែលជាទុនវិនិយោគរបស់កូនខ្មែរ១០០% ក្នុងនោះភាគហ៊ុនពី ក្រុមហ៊ុន OCIC ៩០% និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណាងរដ្ឋាភិបាល១០% ពោលគឺមិនមែនវិនិយោគឡើងដោយបរទេសដូចការលើកឡើងនោះទេ។
អ្វីដែលពិសេស ចាប់តាំងពីការបើកការដ្ឋានសាងសង់ វិស្វករ និងអ្នកសាងសង់ ប្រមាណ៩០% គឺជាកូនខ្មែរ។ សម្តេចសង្ឃឹមថា ក្នុងការបន្តកសាងក្នុងដំណាក់កាលទី២ នឹងប្រើប្រាស់ អ្នកជំនាញ និងកម្មករខ្មែរ១០០% ដែលនេះ គឺបង្ហាញពីការកសាងសមត្ថភាពផ្ទាល់ខ្លួនរបស់កម្ពុជា។
បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។
តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់នៅឆ្នាំ២០៣០។ ដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ២០៥០៕