សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ការជជែកដោះស្រាយគ្នាដោយជ្រើសរើសវិធីសាស្ត្រសន្តិ គឺជាដំណោះស្រាយដ៏ល្អសម្រាប់ប្រទេសជាប់ព្រំដែនជាមួយគ្នា ជៀសជាងការប្រើប្រាស់កម្លាំងកងទ័ពតទល់គ្នា។
ការលើកឡើងបែបនេះរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F ដែលចំណាយថវិកាសាងសង់អស់២,៣០០លានដុល្លារសហអាមេរិក ស្ថិតនៅខេត្តកណ្តាល។
បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំ បន្តប្រើប្រាស់កំហឹង ទល់នឹងកំហឹងច្បាស់ណាស់សង្គ្រាមនឹងមិនងាយបញ្ចប់នោះទេ ដែលអាចបបង្កនូវវិនាសកម្ម ស្លាប់ប្រជាពលរដ្ឋទាំងសង្ខាង។ ជាស្តែងនៅសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន បានសរបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមានសម្លាប់កងទ័ព និងប្រជាជនស្លូតត្រង់រាប់សែននាក់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ហេតុនេះហើយនៅថ្ងៃខាងមុខ ឆាប់ៗនេះសង្ឃឹមថានឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាព ហើយនឹងធ្វើយ៉ាងណាខិតខំដើម្បីបញ្ចប់ជម្លោះ នេះគឺជាអភិក្រមរបស់យើង នេះគឺជាអ្វីដែលយើងត្រូវធ្វើ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ចំពោះការបញ្ចេញមតិរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមពាក់ព័ន្ធនឹងភាពតឹងទ្រូងចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ រយៈពេលជាង២ខែមកនេះ។ ត្រង់ចំណុចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋតាំងចិត្តឱ្យនឹងនរ ខណៈរាជរដ្ឋាភិបាលបាននឹងកំពុងដោះស្រាយបញ្ហាព្រំដែន យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធ្វើយ៉ាងណាស្តារស្ថានការណ៍ឱ្យវិលមកប្រក្រតីភាពឡើងវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាព្រំដែន ជាបញ្ហាស្មុគស្មាញ់ ហើយក្នុងតំបន់អាស៊ាន គឺមានប្រទេសតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង បញ្ហាព្រំដែននេះ គឺបានបន្សល់ពីជំនាន់អាណានិគមរាប់រយឆ្នាំមកហើយ។ ប៉ុន្តែ ប្រទេសជាសមាជិក បានជ្រើសរើសដោះស្រាយបញ្ហាព្រំដែន ដោយយកវិធីសាស្ត្រសន្តិវិធី សន្តិភាព មកជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយ តាមរយៈយន្តការទ្វេភាគី ឬយន្តការផ្លូវតុលាការ ជៀសជាងប្រើប្រាស់កម្លាងទ័ពច្បាំងតទល់គ្នាជាដើម។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ភាគីទាំងពីរ បានធ្វើការជួបប្រជុំគ្នាជាទ្វេភាគីចាប់តាំងពីឆ្នាំ២០០០ មក ដោយក្នុងនោះភាគីទាំងពីរ ក៏បានកំណត់បង្គោលព្រំដែនបានចំនួន ៧៤បង្គោលរួមមកហើយ។ ចំពោះបញ្ហាកំណត់បង្គោលព្រំដែនភាគីទាំងពីរ ក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ខណៈប៉ុន្មានថ្ងៃខាមុខនេះគណៈកម្មការធិការព្រំដែននឹងជួបជជែកគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យកាន់តែឆាប់រហ័សជាដើម។
«កម្ពុជាគ្មានបំណងរំលោភលើអធិបតេយ្យ ឬបូរណភាពទឹកដីរបស់អ្នកណានោះទេ ហើយក៏មិនឱ្យអ្នកណាមករំលោភនោះដែរនេះជាគោលការណ៍ ប៉ុន្តែ គឺដោះស្រាយដូចគោលការណ៍ប្រទេសអាស៊ានទៀត ដែលបានធ្វើ គឺមានគណៈកម្មាធិការព្រំដែន មានច្បាប់អន្តរជាតិ មានសន្ធិសញ្ញា អនុសញ្ញា ដែលយើងធ្វើ២០ឆ្នាំហើយ»។ នេះជាការលើកឡើងបន្ថែមរស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា នឹងធ្វើឱ្យប្រជាជនរស់នៅបានសុខក្សេមក្សាន្ត ពោលគឺឱ្យប្រជាជនដែលរស់នៅតាមព្រំដែន មិនមានការភ័យខ្លាចមិនភៀសខ្លួនចេញពីលំនៅឋាន ពីព្រោះមានមន្ត្រីជំនាញទាំងពីរ ជួបជជែកគ្នា ដើម្បីដោះស្រាយជូនពយកគាត់។ ចំណុចនេះគឺជាត្រៀមពន្លត់ជម្លោះព្រំដែនរវាងប្រទេសជាប់ព្រំដែននឹងគ្នា ការឯកភាពដោយជ្រើសយន្តការទ្វេភាគី មិនធ្វើឱ្យប្រទេសណាមួយបាត់ដីនោះទេ ដូច្នេះ កម្ពុជា បានប្រើប្រាស់យន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន៕