អគារមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលតម្លៃ ៤.១០៥.០០០ ដុល្លារអាម៉េរិក ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៦ ។ អគារមន្ទីរពិសោធន៍ថ្មីនេះ មានទីតាំងនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ពិធីសម្ភោធអាគារថ្មី បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ដោយមានការចូលរួមពីភារធារីនៃស្ថាន ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Simon Fellow… នាយកមជ្ឈមណ្ឌជាតិពិសោធន៍សុខាភិបាល លោក ទេព កីឡា…មន្រ្តីពាក់ព័ន្ធ និងនិស្សិតប្រមាណជាង ១០០នាក់ទៀត ។
ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា អគារមន្ទីរពិសោធន៍ថ្មីនេះ មានកម្រិតស្តង់ដាអន្តរជាតិ ឆ្លើយតបទៅនឹងកម្ពុជាដែលត្រូវការមន្ទីរពិសោធន៍ ត្រួតពិនិត្យគុណភាពឱសថ និងអនាម័យចំណីអាហារ ជាមួយនឹងការបំពាក់នូវឧបករណ៍មានគុណភាពខ្ពស់ផងដែរ ។
ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា អគារថ្មីដែលបំពាក់ដោយឧបករណ៍សំភារៈទំនើបនេះ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការពិនិត្យគុណភាពឱសថ អនាម័យចំណីអាហារកាន់តែប្រសើរថែមទៀត ដែលជាការរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។