ក្រុមមន្ត្រីជាតិ និងអន្តរជាតិបារម្ភសីតុណ្ហភាពកើនកំដៅ


Weather Chang 08 04 16 2 copy

     ក្រុម​មន្ត្រី​កម្ពុជា ​និង​ក្រុម​ជំនាញ​បរិ​ស្ថាន​អន្តរ​ជាតិ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​បាន​ថ្លែង​ថា ពិភព​លោក​កំពុង​ឆ្លង​កាត់​សី​តុ​ណ្ហ​ភាព​ដ៏​ក្តៅ​បំផុត​មួយ ​ដែល​មិន​ធ្លាប់​ជួប​ប្រ​ទះ​ ក្នុង​រយៈ​ពេល​ជាង​ ១​សត​វត្ស​កន្លង​មក​នេះ ​។ ការ​លើក​ឡើង​សម្តែង​ក្តី​ព្រួយ​បារម្ភ​នឹង​សី​តុ​ណ្ហ​ភាព​ក្តៅ​នេះ បាន​ធ្វើ​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ក្រប​ខណ្ឌ​ជាតិ​សម្រាប់​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​រៀប​ចំ​ក្នុង​សណ្ឋា​គារ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថ្ងៃ​ទី​៧​ ខែ​មេសា​នេះ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ជាតិ​ និង​អន្តរ​ជាតិ​ប្រ​មាណ​ ៦០​នាក់​ ។

     អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិ​វឌ្ឍន៍​ដោយ​ចិរ​ភាព ​ឯក​ឧត្តម ​ទិន ពន្លក បាន​ថ្លែង​ថា​ពិភព​លោក​ និង​កម្ពុជា​ផង​ដែរ កំពុង​រង​គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​ខ្យល់​ព្យុះ​ ដែល​ជា​ដើម​ចម​អាច​ទាក់​ទង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ។ លោក​បាន​ថ្លែង​ថា​ របាយ​ការណ៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​បរិ​ស្ថាន​សហ​រដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​២០១៥ និង​២០១៦​ នេះ គឺ​ជា​ឆ្នាំ​ក្តៅ​ខ្លាំង​ ដែល​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ ១៣៦​ឆ្នាំ​កន្លង​មក​នេះ​ ។ នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​វិញ លោក​បាន​ថ្លែង​ថា​គ្រោះ​រាំង​ស្ងួត​នា​ពេល​នេះ បាន​នឹង​កំពុង​រំខាន​ដល់​ការងារ​កសិ​កម្ម សុខ​ភាព​មនុ​ស្ស សត្វ និង​ប៉ះ​ពាល់​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន និង​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​។ លោក​បាន​បន្ត​ថា​ ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​នេះ​ជា​មួយ​នឹង​ពិភព​លោក កម្ពុជា​បាន​អនុ​ម័ត​ជា​ផ្លូវ​ការ​ នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា ២០១៤​-​២០២៣ និង​បាន​ដាក់​ជូន​លេខា​ធិការ​ដ្ឋាន​នៃ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ស្តី​ពី​របាយ​ការណ៍​នៃ​ការ​ចូល​រួម​របស់​កម្ពុជា ​ក្នុង​ការ​អនុ​វត្ត​អនុ​សញ្ញា នៅ​មុន​កិច្ច​ប្រ​ជុំ​បណ្តា​ភាគី​លើក​ទី​២១ នៅ​ទី​ក្រុង​ប៉ារីស​ប្រ​ទេស​បារាំង កាល​ពី​ចុង​ឆ្នាំ​២០១៥ ថ្មី​ៗ​នេះ ​។

Weather Chang 08 04 16 3 copy

Weather Chang 08 04 16 4 copy