ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងការព្យាករណ៍ស្ថានភាពអាកាសធាតុ ដែលកម្ពុជាអាចនឹងប្រឈមចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ ។
យោងតាមសេចក្តីជូនដំណឹង របាយទឹកភ្លៀងចាប់ពីដើមឆ្នាំរហូត ដល់ពាក់កណ្តាលរដូវ នឹងអាចធ្លាក់ទាបជាមធ្យមភាគ… ប៉ុន្តែចាប់ពីពាក់កណ្តាលរដូវរហូតដល់ចុងរដូវ បរិមាណ ទឹកភ្លៀងអាចធ្លាក់ខ្ពស់ជាងមធ្យមភាគធម្មតា ។ តាមការព្យាករណ៍នេះ តំបន់មាត់សមុទ្រ… តំបន់ទំនាបកណ្តាល… និងតំបន់ខ្ពង់រាប ក្នុងរដូវវស្សាឆ្នាំ២០១៦ ចាប់ពីខែឧសភាដល់ខែកក្កដា ទឹកភ្លៀងមានពីមធ្យមទៅបង្គួរ… ប៉ុន្តែចាប់ពីខែសីហាដល់ខែវិច្ឆិកា ទឹកភ្លៀងមានពីបង្គួរទៅច្រើន… លើកលែងតែខេត្តនៅក្រោយជួរភ្នំក្រវាញ ដូចជាខេត្តតាកែវ… កំពង់ស្ពឺ… និងផ្នែកខាងលិចនៃខេត្តកណ្តាល របាយទឹកភ្លៀង និងបរិមាណទឹកភ្លៀង នឹងមានតិចជាងបណ្តាខេត្តដទៃទៀត ។
ការព្យាករណ៍ដដែលបានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំ ២០១៦នេះ នៅមហាសមុទ្ទប៉ាស៊ីហ្វិក អាចនឹងកើតមានព្យុះពី២៥ ដល់ ២៧ព្យុះ ដែលនឹងឆ្លងកាត់សមុទ្រចិនខាងត្បូង និងមានឥទ្ធិពលខ្លាំង ។ ដោយឡែកចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នោះវិញ ក្រសួងបានអោយដឹងថា បាតុភូតធម្មជាតិនេះនៅតែមានឥទ្ធិពលខ្លាំងរហូតដល់ចុងខែមិថុនា ។
គួររំលឹកថា ក្រសួងធនធានទឹកបានជួនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នជារឿយៗ ចំពោះThunderstorms ដែលជាបាតុភូតធម្មជាតិ រួមមានភ្លៀងផ្គរលាយខ្យល់ និងរន្ទះបានកើតឡើងព្រមគ្នា ។ យោងតាមរបាយការណ៍ Thunderstorm កាលពីឆ្នាំ ២០១៥កន្លងទៅ បានសម្លាប់មនុស្ស ១៤៦នាក់ ក្នុងនោះអ្នកស្លាប់ដោយរន្ទះមានចំនួន ១៣២នាក់ និងដោយខ្យល់កន្ត្រាក់មានចំនួន ១៤នាក់ ។