រដ្ឋបាលខេត្តពោធី៍សាត់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយោធាថៃ ដែលបានធ្វើការឈ្លានពានសារជាថ្មីមកលើអធិបតេយ្យភាពកម្ពុជា ដែលបានបណ្ដាលឱ្យប្រជាជនស៊ីវិលកម្ពុជាបាត់បង់ជីវិត និងរងរបួសមួយចំនួន។
ការចេញញត្តិថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានបើកការបាញ់ប្រហារទៅលើទីតាំងប្រជាជនស៊ីវិល ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយគិតត្រឹមវេលាម៉ោង ៦ព្រឹកនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧នាក់បាត់បង់ជីវិត និងរបួសចំនួន ២០នាក់។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្តពោធិ៍សាត់ សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យភាពរបស់ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ កម្ពុជាបានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផ្ទាល់។
សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀតលើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ លោក Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។
ក្នុងន័យនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានរបស់ខ្លួនមកលើដែន អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់រដ្ឋសមាជិក អាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ចំពោះទង្វើរំលោភបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរនេះ និងជំរុញឱ្យប្រទេសថៃគោរពគោលការណ៍អធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។
ជាថ្មីម្តងទៀត រដ្ឋបាលខេត្ត បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវរាល់វិធានការ និងគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមច្បាប់ និងគោលការណ៍អន្តរជាតិជាធរមាន និងអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ អគ្គភ័ស្តុភារជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


