រដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតអំពាវនាវ ស្វែងរកការឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលកំពុងជម្លៀសខ្លួនមកកាន់កន្លែងសុវត្ថិភាព


រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានចេញលិខិតអំពាវនាវសប្បុរសជនជិតឆ្ងាយ ចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលបាននឹងកំពុងជម្លៀសខ្លួន មកកាន់កន្លែងសុវត្ថិភាព។នេះបើតាមលិខិតអំពាវនាវរបស់រដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងលិខិតអំពាវនាវនោះ មានខ្លឹមសារថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផលិតកម្ម សិប្បកម្ម សេវាកម្ម អាជីវករ ពាណិជ្ជករ អង្គការ សមាគមនានា និងសប្បុរសជនជិតឆ្ងាយ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលបាននឹងកំពុងជម្លៀសខ្លួនមកកាន់កន្លែងសុវត្ថិភាព។ ដោយស្មារតីរួបរួមជាតិ រដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី បណ្តាក្រុមហ៊ុន ធនាគារឯកជន​ គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ផលិតកម្ម សិប្បកម្ម សេវាកម្ម អាជីវករ ពាណិជ្ជករ អង្គការ សមាគមនានា និងសប្បុរសជនជិតឆ្ងាយ ចូលរួមជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកា ជាគ្រឿងឧបភោគបរិភោគ សម្ភារជាថ្នាំ ប្រេងខ្យល់ ប្រេងកូឡា ថ្នាំការពារសត្វល្អិតផ្សេងៗ ដើម្បីយកទៅចែកជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូ ការពារបន្ទាត់ព្រំដែន កម្ពុជា-ថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួនមកកាន់កន្លែងមានសុវត្ថិភាព។

(ទីកន្លែងទទួលនៅរដ្ឋបាលខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ)

រដ្ឋបាលខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងក្តីសង្ឃឹមយ៉ាងកក់ក្តៅទុកជាមុន ចំពោះទឹកចិត្ត សប្បុរសធម៌ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រ និងសូមទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សា សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ទទួលបានជ័យជំនះថ្មីៗថែមទៀតកុំបីអាក់ខានឡើយ៕