សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា «ខ្ញុំធ្លាប់ជាយុទ្ធនារីចូលរួមប្រយុទ្ធក្នុងសមរភូមិក្តៅតាំងពីយុវវ័យ ខ្ញុំមើលឃើញការងារទាំង ៣ផ្នែក ៣ផ្នែក ឬ ៣មុខ ព្រួញរបស់អង្គភាពប្រឆាំងអំពើពុករលួយមិនខុសពីសមរភូមិ ៣ដូចគ្នាដែរ។
បើតាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កាងារ ៣ផ្នែក ឬ៣ មុខព្រួញធំៗរបស់ ACU គឺអប់រំ បង្ការទប់ស្កាត់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពង្រឹងភាពស្អាតស្អំ និងការទទួលខុសត្រូវរបស់ខ្លួន រៀបចំ និងពង្រឹងយន្តការគ្រប់គ្រង ផ្តល់សេវាសាធារណៈប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ និងការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
ការលើកឡើងបែបនេះរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញចូលជាអធិបតីភាពរៀបចំពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទស្តីពី «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមានការចូលរួមពីលោក តុប សំ អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ, កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU និងមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយជាង ៦០០នាក់ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមឱ្យអង្គភាពប្រឆាំងអំពើពុករលួយនៅតែចាត់ទុកកាងារ ៣ផ្នែក ឬ៣ មុខព្រួញធំៗរបស់ខ្លួន គឺអប់រំ បង្ការទប់ស្កាត់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តទៅទៀត។ ខ្ញុំធ្លាប់ជាយុទ្ធនារីចូលរួមប្រយុទ្ធក្នុងសមរភូមិក្តៅតាំងពីយុវវ័យ ខ្ញុំមើលឃើញការងារទាំង ៣ផ្នែក ៣ផ្នែក ឬ ៣មុខព្រួញរបស់អង្គភាពប្រឆាំងអំពើពុករលួយមិនខុសពីសមរភូមិ ៣ដូចគ្នាដែរ។ ប្រយុទ្ធក្នុងសមរភូមិទាំង ៣នេះ ហើយនៅមានលេណដ្ឋាន មានជន្ទល់គាំទ្រសំខាន់ៗដូចជាការចូលរួមរបស់មហាជនប្រជាជន សង្គមស៊ីវិល សារព័ត៌មាន បណ្តាញសង្គម កិច្ចសហប្រតិបត្តិការជាតិ តំបន់ និងអន្តរជាតិ ហើយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅតែនៅជាប់នៅក្បែរអង្គភាពប្រឆាំងអំពើពុករលួយជានិច្ចដើម្បីចូលរួមចំណែកដោះស្រាយរាល់ការលំបាករបស់អង្គភាព»។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា សកម្មភាពដែលអាចបង្កហានិភ័យខ្លះ ដែលជាទម្លាប់សាមញ្ញក្តី តែក៏កំពុងក្លាយជាចំណុចដែលត្រូវកែប្រែឱ្យក្លាយជាទម្លាប់ថ្មី ដែលទម្លាប់ថ្មីនេះ ក៏ត្រូវតែដុសខាត់ដោយកត្តាមនុស្សផង លក្ខខណ្ឌនយោបាយរបស់ប្រទេសផង និងដោយលិខិតបទដ្ឋានច្បាប់ និងវិធានការនៃការទប់ស្កាត់ផងដែរ។ ពិតប្រាកដណាស់ ដូចបាវចនាពេជ្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលនោះគឺជាប្រទីបបំភ្លឺផ្លូវយើង ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ស្អាតស្អំ បវររុងរឿង។ យើងមិនអាចធ្វើជាគ្រូពេទ្យវះកាត់អំពើពុករលួយ វះកាត់ បាតុភាពអសកម្មផ្សេងទៀត ដោយរំលងមិនធ្វើការ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលឡើយ។ ប្រការនេះក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា រាជរដ្ឋាភិបាលក្តី ស្ថាប័នប្រឆាំងអំពើពុករលួយក្តី ក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ប្រជាជនមហាជនក្តី តែងតែលើកកម្ពស់នូវវិធានការអប់រំ និងបង្ការទប់ស្កាត់ជាចម្បង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា យើងទាំងអស់គ្នា ចងចាំមិនភ្លេច និងត្រង់ត្រាប់អនុវត្តនូវព្រះបន្ទូលដ៏មាន អត្ថន័យរបស់ព្រះមហាវីរៈក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតរបស់យើង ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ដែលតែងតែណែនាំឱ្យយើងត្រូវចៀសវាងឱ្យផុតពីអំពើពុករលួយគ្រប់យ៉ាង និងនៅគ្រប់កាលៈទេសៈ និងឱ្យយើងចៀសវាងបក្ខានុគ្រោះ។ល។
ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា បន្ថែមលើសមិទ្ធផលកំណែទម្រង់ជាច្រើនដែលមានពីមុនៗមក កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តជំរុញការកែទម្រង់ដើម្បីអភិបាលកិច្ចល្អបានកំណត់យ៉ាងច្បាស់ចំណុចទាំង៧ ក្នុងនោះរួមមានការពង្រឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដោយឆន្ទៈ មុតស្រួច និងការប្តេជ្ញាខ្ពស់តាមរយៈការលើកកម្ពស់ការអនុវត្តវិធានការ ស្នូលទាំង៣ គឺការអប់រំ បង្ការ ទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់, លើកស្ទួយភាព ស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងវិស័យឯកជន, លើកកម្ពស់អភិបាលកិច្ច និងការត្រួតពិនិត្យផ្ទៃក្នុង និងការចូលរួមជាមួយសហគមន៍អន្តរជាតិលើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងប្រឆាំងការសម្អាតប្រាក់៕

















