ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦


ក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោក លោកស្រីមន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអភិបាលរាជធានី ខេត្ត លោក លោកស្រី តំណាងអង្គការជាតិ អន្តរជាតិជាដៃគូ និងវិស័យឯកជនជាច្រើនរូបទៀត។

ថ្លែងទៅកាន់អង្គសន្និបាត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ស្ថិតក្រោមម្លប់សន្តិភាព និងវឌ្ឍនភាពសង្គមដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានក៏បានរៀបចំដាក់ចេញនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលមានសសរស្តម្ភ៣ គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» ។

នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន សម្រេចបាននូវស្នាដៃធំៗជាច្រើន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ មន្រ្តីគ្រប់ជាន់ថ្នាក់ និងដោយមានកិច្ចសហការល្អពីក្រសួងស្ថាប័នពាក់ព័ន្អ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត-រាជធានី និងដៃគូរ អង្គការជាតិ និងអន្តរជាតិនានា និងប្រជាពលរដ្ឋ ក្នុងការចូលរួមគ្រប់គ្រង និងការពារបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងបាននិងកំពុងធ្វើសកម្មភាពដាក់ចេញនូវវិធានការគន្លឹះជាជំហានៗក្នុងនោះតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក ទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដែលជំរុញការអនុវត្តសកម្មភាពសម្អាត សំដៅប្រែក្លាយពីយុទ្ធនាការទៅជាចលនា ហើយឱ្យចលនាក្លាយទៅជាវប្បធម៌ និងទម្លាប់រក្សាភាពស្អាត។ ជាលទ្ធផលមនុស្សចំនួន១៥លាននាក់បានចូលរួមក្នុងយុទ្ធនាការរបស់ក្រសួអបរិស្ថាន ហើយបានចូលតរួមកាត់បន្ថយថង់ប្លាស្ទិក បាន៨៤%។

ស្របពេលជាមួយគ្នានេះ យុទ្ធនាការពន្លកបៃតង គឺជាគម្រោងដាំដើមឈើដ៏ធំមួយ ដែលត្រូវបានក្រសួងបរិស្ថានចាប់ផ្ដើមឡើង ដើម្បីជំរុញការពង្រីភាពបៃតង។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង និងបានចែកកូនឈើដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនយកទៅដាំដោយឥតគិតថ្លៃ បានចំនួនជាង ៣លាន៤សែនដើមផងដែរ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦ខាងមុខនេះ ក្រសួង បានពង្រីកការចែកកូនឈើនេះ តាមរយៈថ្នាលថ្នាក់តំបន់ដែលបានសាងសង់ហើយ ដែលមាននៅខេត្តចំនួន៥ គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ដែលថ្នាលថ្នាក់តំបន់នៅខេត្តទាំង៥នេះ អាចផលិតកូនឈើបាន៥លានដើម។ យុទ្ធនាការនេះ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការបង្កើនគម្របបៃតង ក៏ដូចជាការពារបរិស្ថានផងដែរ។

សូមបញ្ជាក់ថា សម្រាប់អង្គសន្និបាតនៅឆ្នាំនេះ ក្រសួងបរិស្ថានបានជ្រើសរើស និងដាក់ចេញនូវប្រធានសំខាន់ៗតាមជំនាញ រួមមាន៖ ១-ភាពស្អាត ២-ការដាំស្តារឡើងវិញ និងការពង្រឹងការអនុវត្តច្បាប់ ៣-ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ៤-ពង្រីកការអប់រំផ្សព្វផ្សាយដើម្បី ជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន និងទី៥-ការកសាងរដ្ឋបាលឌីជីថល៕