ប្រធានព្រឹទ្ធសភានៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចម៉ែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងក្នុងនាម សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «នៅក្នុងឱកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនៃការអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុម គ្រួសារ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយបង្គំសម្តែងអំណរសាទរប្រកបដោយស្វាមីភក្តិដ៏ថ្លៃថ្លា ថ្វាយចំពោះ អង្គសម្តេចម៉ែ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវការដឹងព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ អង្គសម្តេចម៉ែ ដែលឆ្លងកាត់ពេលវេលាជាច្រើនថ្ងៃខែឆ្នាំ អង្គសម្តេចម៉ែ បានបំពេញព្រះរាជ សកម្មភាពប្រកបដោយព្រះគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងព្រះរាជហឫទ័យប្រកបដោយព្រហ្មវិហារធម៌ ដើម្បីជួយ សង្គ្រោះប្រជានុរាស្ត្រខ្មែរ តាមគ្រប់មធ្យោបាយឱ្យផុតពីគ្រោះភ័យ លើកកម្ពស់គុណភាពជីវិត និងសុភមង្គល។

តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ អង្គសម្តេចម៉ែ ព្រះវរ រាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហា ស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តា ប្រសិទ្ធពរ ជ័យ បវរសួស្តី មហាប្រសើរថ្វាយ អង្គសម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មវស្សាយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ត្រជំដល់ប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាយូរអង្វែងតរៀងទៅ។

សូម អង្គសម្តេចម៉ែ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕