ប្រធានគណបក្សប្រជាជនកម្ពុជា សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សដ៏មហាប្រពៃថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នាឱកាសឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងមូល សូមព្រះបរមរាជានុញ្ញាតឱនកាយវាចាចិត្តថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់មានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គ គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដល់ប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គតរៀងទៅ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវស្វាមីភ័ក្តិឥតងាករេ គោរពដង្ហែតាមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាង របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយភក្តីភាពដ៏ស្មោះស្ម័គ្រក្នុងការ បម្រើជាតិ និងប្រជាជន ឱ្យមានភាពរីកចម្រើន សុខក្សេមក្សាន្ត រុងរឿង ថ្កើងថ្កានជានិច្ចនិរន្តរ៍។

ទូលព្រះបង្គំយើងខ្ញុំ សូមគោរពស្ញប់ស្ញែង និងសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ដែលតែងបានយកព្រះរាជហឫទ័យទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខរបស់ប្រជារាស្ត្រខ្មែរគ្រប់ពេលវេលា អម្ចាស់ជីវិតលើតង្គងដែលតែងបានយកព្រះរាជហឫទ័យទុកដាក់ខ្ពស់បំផុតដល់សុខ និងព្រះរាជធនធានផ្ទាល់របស់ព្រះអង្គ ដល់វីរកងទ័ពជួរមុខ និងប្រជារាស្ត្រភៀសសឹក ក្នុងពេលដែលប្រទេសកម្ពុជាទទួលរងនូវការឈ្លានពានយ៉ាងឃោរឃៅព្រៃផ្សៃ និងដោយគ្មានមូលហេតុរបស់កងទ័ពថៃ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាក្សត្រ និងព្រះវិញ្ញាណក្ខន្ធដ៏មានបារមីនៃអតីតព្រះមហាក្សត្រ និង ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់បានសមប្រកបដោយ ព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ»៕⁩