សម្តេចតេជោសែន អបអរនាយករដ្ឋមន្ត្រីថ្មីវៀតណាម


Cam VN 11 04 16

     សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន បាន​ធ្វើ​លិខិត​មួយ​ សម្តែង​ក្តី​សោ​មនស្ស​អប​អរ​សាទរ​ នាយក​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ប្រ​ទេស​វៀត​ណាម​ ដែល​ទើប​បាន​ជ្រើស​តាំង​កាន់​តំណែង​ ។ សូម​ជំរាប​ថា​ វៀត​ណាម ទើប​បាន​ជ្រើស​តាំង​ លោក ង្វៀន សួន​ហ្វុក Nguyen Xuan Phuc អាយុ​ ៦១​ឆ្នាំ ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ប្រ​ទេស​វៀត​ណាម កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ទី​៧​ ខែ​មេ​សា​ កន្លង​មក​នេះ​ ។

     សម្តេច​នាយក​រដ្ឋ​មន្ត្រី ក្នុង​លិខិត​អប​អរ​មួយ​នៅ​ថ្ងៃ​ទី​៧​ ខែ​មេ​សា បាន​ថ្លែង​ថា​ សម្តេច​មាន​ជំនឿ​មុត​មាំ​ថា​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​វៀត​ណាម​ នឹង​ត្រូវ​បាន​លើក​កម្ពស់​ និង​ពង្រឹង​ពង្រីក​ថែម​ទៀត​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ដើម្បី​ផល​ប្រ​យោ​ជន៍​នៃ​ប្រ​ជា​ជន​ទាំង​២ ក៏​ដូច​ជា​ការ​កសាង​សហ​គមន៍​អាស៊ាន​មួយ​​ដ៏​រឹង​មាំ​ និង​សម​ស្រប​ ។ សម្តេច​បាន​សរ​សេរ​ទៀត​ថា​ សម្តេច​នឹង​រង់​ចាំ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ នឹង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​វៀត​ណាម នេះ​។

     លោក​ Nguyen Xuan Phuc មុន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី លោក​គឺ​ជា​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ ។ ក្រោយ​ការ​ជាប់​ឆ្នោត​គាំទ្រ​សម្លេង ៤៤៦​លើ​ ៤៩០​សម្លេង​ លោក​នាយក​រដ្ឋ​មន្ត្រី​ថ្មី​រូប​នោះ បាន​ស្បថ​ចូល​កាន់​តំណែង​ និង​បាន​ស្បថ​សច្ចា​ភក្តី​ភាព​ចំពោះ​ប្រ​ទេស​ជាតិ ចំពោះ​ប្រ​ជា​រាស្ត្រ និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​វៀត​ណាម​​។