ឯកឧត្តម គឹម សន្ដិភាព៖ តុលាការកំពូលសម្រេចពីបណ្តឹងរំលាយគណបក្សតាមអំណាចច្បាប់! ការមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ជាបទល្មើសព្រហ្មទណ្ឌ!


(ភ្នំពេញ)៖  ឯកឧត្តម គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពន្យល់ថា ច្បាប់បានផ្តល់អំណាច ដល់តុលាការកំពូលទទួលពិនិត្យ និងសម្រេចលើបណ្តឹងពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយដែលល្មើសច្បាប់ ហើយសេចក្តីសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធនឹងបណ្តឹងខាងលើនេះ ជាសេចក្តីសម្រេចស្ថាពរបិទការតវ៉ា។

ឯកឧត្តម គឹម សន្ដិភាព បាន​បញ្ជាក់យ៉ាងដូច្នេះថា «​ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចគោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់ ដូចមានកំណត់ក្នុងមាត្រា​៤៩ រដ្ឋធម្មនុញ្ញនៃ​កម្ពុជា​ ហេតុនេះភាគីទាំងអស់ត្រូវគោរពអនុវត្តនូវសាលដីកាស្ថាពររបស់តុលាការកំពូល។ ការមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រកម្ពុជា​»

​អ្នកនាំពាក្យរូបនេះ បានថ្លែងថា ​«​ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់។ ហេតុនេះអាជ្ញាធរសាធារណៈដែលមានកាតព្វកិច្ច តាមផ្លូវច្បាប់ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសក្នុងសង្គម មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ!»