លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះតុលាការកំពូល កាត់រំលាយគណបក្សសង្រ្គោះជាតិ និងគាំទ្រអនុសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច មន្ត្រីក្រោមឱវាទទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ ជាមួយគ្នានោះក៏បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍ទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យជនរួមជាតិរក្សាភាពស្ងប់ស្ងាត់ និងធានាថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានៅតែបន្តដំណើរការ។

នៅក្នុងញត្តិគាំទ្ររបស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា ការចេញសាលដីការំលាយ គណបក្សសង្រ្គោះជាតិ ពីសំណាក់តុលាការកំពូល គឺជារឿងស័ក្តិសមបំផុតចំពោះការប្រព្រឹត្តទង្វើក្បត់ជាតិ របស់គណបក្សប្រឆាំងមួយនេះ ហើយមិនអាចអត់ឱនឲ្យបាននោះឡើយ។

ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ក៏បានបង្ហាញការគំាទ្រផងដែរចំពោះវិធានការបន្ត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការបន្តទប់ស្កាត់ឧបាយកល បដិវត្តន៍ពណ៌នៅកម្ពុជា ក៏ដូចជាការប្តេជ្ញាថែរក្សាការពារសន្តិសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាប្រឆាំងទប់ស្កាត់បក្សនយោបាយ និងក្រុមអ្នកនយោបាយ ដែលឃុបឃិត និងបម្រើផលប្រយោជន៍បរទេស។