សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់​ទំនាក់ទំនងនៅតែរឹងមាំ


សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការពេញចិត្ត​ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រីរយៈពេលពេល៧០ឆ្នាំមកនេះ។ សម្តេចតេជោ បាន​រំលេចថា កម្ពុជា និងហុងគ្រី ទោះបីមានចម្ងាយឆ្ងាយពីគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការតភ្ជាប់​ទំនាក់​ទំនងនៅតែរឹងមាំ។

សម្តេចតេជោ បានគូសរំលេចបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Tibor Baloghdi ឯកអគ្គរដ្ឋទូត​ហុង​គ្រីប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គី​ភាពនៃ​ព្រឹទ្ធ​សភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បាន​កោតសរសើរចំពោះលោកអគ្គរដ្ឋទូត ក្នុងពេលបំពេញបេសកកម្មជាឯក​អគ្គ​រដ្ឋទូត​នៅកម្ពុជា។ សម្ដេច​តេ​ជោ បានលើកឡើងថា ទោះបីហុងគ្រី និងកម្ពុជានៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរមានភាពជិតស្និទ្ធខ្លាំងណាស់ក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។​ មកដល់​ពេល​​នេះ ទំនាក់ទំនង​រវាង​កម្ពុជា និងហុងគ្រី មានអាយុកាល៧០ឆ្នាំហើយ ដែលជាទំនាក់ទំនងមួយដ៏យូរ​អង្វែង។​

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងការអរគុណជាអនេក ដែលសម្ដេចតេជោ បាន​​អនុ​ញ្ញាត​​ឱ្យ​រូបលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរដ្ឋទូត បាន​លើក​​ឡើងថា ជាកិត្តិយសសម្រាប់រូបលោក ដែលបានបំពេញការងារ​ជាឯកអគ្គរដ្ឋ​ទូត​ប្រចាំនៅ​កម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានលើកសរសើរអំពីប្រទេសកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាត ហើយមាន​ភាព​រីក​ចម្រើនដែលលោកបានឃើញផ្ទាល់ភ្នែក។ ជាពិសេស គឺជីវភាពរបស់ប្រជាជនមានភាពប្រសើរ​ឡើងជា​លំដាប់។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី មានភាព​រីក​ចម្រើន ជាពិសេសការសហការគ្នាទាំងក្របខណ្ឌនៃស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ លោក​ឯក​​អគ្គរដ្ឋទូត បានអរគុណស្ថាប័នទាំងអស់របស់ប្រទេសកម្ពុជា ដែលបានសហការល្អក្នុងពេលលោក​បំពេញ​ការងារនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចថា ប្រទេសទាំងពីរមានការកើនឡើងនូវ​ទំហំពាណិជ្ជកម្ម​ ជាពិសេស​កម្ពុជា បាននាំចូលទៅកាន់ប្រទេសហុងគ្រី មានការកើនឡើងក្នុងរយៈពេលចុងក្រោយ​នេះ។​ លោកឯក​អគ្គ​រដ្ឋទូតសង្ឃឹមថា ទំហំពាណិជ្ជកម្ម ឬកិច្ចសហការផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី កាន់តែរីក​ចម្រើន​តទៅមុខទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំនៃទំនាក់​ទំនង​រវាងកម្ពុជា និងហុងគ្រី ហើយប្រទេសទាំងពីរបានរួមគ្នារៀបចំកម្មវិធីអបអរសាទរខួប៧០ឆ្នាំនេះ ដើម្បីឱ្យទំនាក់​ទំនង​កាន់​តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអរគុណចំពោះការលើកឡើងរបស់លោកឯក​អគ្គរដ្ឋទូត ដែល​រំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងហុងគ្រី។ សម្ដេចតេជោ ក៏បានរំលេចបន្ថែមដែរថា ហុងគ្រី​ បាន​ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ដែលមកដ​ល់​ពេល​នេះ​ មានថ្នាក់ដឹកនាំកម្ពុជាមួយចំនួន បានទៅសិក្សា និងបញ្ចប់ការសិក្សានៅប្រទេស​ហុងគ្រី ហើយកំពុងធ្វើការនៅប្រទេសកម្ពុជា។

សម្ដេចតេជោ ក៏បានរំលេចផងដែរថា ហុងគ្រី ជាប្រទេសមួយដែលសម្ដេច ធ្លាប់ទៅបំពេញទស្សនកិច្ច​ច្រើន​​ក្នុងចំណោមប្រទេសសម្ដេចបានអញ្ជើញបំពេញទស្សនកិច្ច​តាំងពីពេលសម្តេចនៅ​ជារដ្ឋមន្ត្រី​ការ​បរទេសមកម្ល៉េះ ហើយមានអនុស្សាវរីយ៍​ជាច្រើនក្នុងការពង្រីកទំនាក់ទំនង។ មកដល់ពេលបច្ចុប្បន្ន សម្ដេច​តេជោ ក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺការផ្លាស់ប្តូរ​ទំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

សម្ដេចតេជោ ក៏រំលេចថា កាលពីឆ្នាំ២០១៩កន្លងទៅ សម្ដេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ​ប្រទេសហុងគ្រី ហើយក្រោយមកប្រធានាធិបតីរបស់ហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា។ នេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ស្អិតរមួត​រវាងប្រទេស​ទាំងពីរ ​បើទោះបីជាឆ្ងាយ​ពីគ្នាយ៉ាងណាក្តី ក៏ប៉ុន្តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនេះនៅតែរឹងមាំ៕