មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ កាតព្វកិច្ចយោធា ជាករណីកិច្ច ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់យុវជន និងជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត សម្រាប់វិស័យការពារជាតិ


(ភ្នំពេញ)៖​ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានលើកឡើងថា កាតព្វកិច្ចយោធា ជាករណីកិច្ច ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់យុវជន និងជាប្រភពធនធានមនុស្សមិនចេះរីងស្ងួត សម្រាប់វិស័យការពារជាតិ។​​ ដូចនេះការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះក៏ជាប្រភពធនធានមនុស្ស ដែលមិនចេះរីងស្ងួត សម្រាប់កម្លាំងកងយោធពលខេមរភូមិន្ទ ធានាបាននូវការបំពេញបន្ថែមនូវកម្លាំងទ័ពវ័យក្មេង ដែលមានកាយសម្បទាមាំមួនល្បឿនលឿន និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗបានឆាប់រហ័ស។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានច្បាប់ស្តីពីកាតព្វកិច្ចយោធា បន្ទាប់ពីច្បាប់នេះត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយព្រះរាជក្រមលេខ នស/រកម/០៥២៦/០០៨ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងថា «កាតព្វកិច្ចយោធា ដើម្បីការពារជាតិមាតុភូមិ និងដើម្បីយើងទាំងអស់គ្នាកាតព្វកិច្ចយោធា ជាករណីកិច្ច និងជាកិត្តិយសដ៏ឧត្តុងឧត្តមរបស់យុវជន​, កាតព្វកិច្ចយោធា ជាមូលដ្ឋានគ្រឹះ នៃប្រភពកសាងកម្លាំងវិស័យការពារជាតិ»

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់ថា កាតព្វកិច្ចយោធា ជាការអភិវឌ្ឍកាយសម្បទា និងបណ្តុះស្មារតីស្នេហាជាតិរបស់យុវជនកាតព្វកិច្ចយោធា ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិមាតុភូមិ។ ដូច្នេះ ការចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្តរបស់យុវជន ឆ្លុះបញ្ចាំងពីការគាំទ្រនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល បង្កើតឱ្យមានតម្លាភាពសង្គមដែលធ្វើឱ្យយុវជនគ្រប់រូបមានកិត្តិយស និងកាតព្វកិច្ចស្មើគ្នាចំពោះមុខច្បាប់។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានគូសបញ្ជាក់ថា កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងជាវិធានការដ៏មានសារៈសំខាន់ក្នុងកាជួយរពង្រឹងវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាពផ្តល់ឱកាសដល់យុវជនជំនាន់ថ្មី ដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ បានចូលរួមប្រកបដោយឆន្ទះ ក្នុងស្មារតីបម្រើជាតិមាតុភូមិ និងចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាពនៃជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានឱ្យដឹងថា តាមរយៈការបំពេញកាតព្វកិច្ចយោធា យុវជននឹងទទួលបានការហាត់ពត់លត់ដំ ផ្នែកវិន័យ សីលធម៌ការគោរពបទបញ្ជា ការរស់នៅជាក្រុម និងការទទួលខុសត្រូវក្នុងសង្គម។ ទន្ទឹមនឹងនេះ ក៏ជួយឱ្យយុវជនយល់ដឹងកាន់តែច្បាស់ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទផងដែរ។ ខណៈជំហានដំបូងនឹងមានយុវជនគ្រប់អាយុចន្លោះ , ទៅ ២ភាគរយ នឹងត្រូវចូលបំពេញកាតព្វកិច្ចយោធា តាមច្បាប់។

បន្ថែមនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការបំពេញកាតព្វកិច្ចយោធា២៤ខែ យុវជនក្លាយជាយោធិនបម្រុងដល់អាយុ៤៥ឆ្នាំ ដែលមានសមត្ថភាពចូលរួមការពារជាតិពេលចាំបាច់ និងជាកម្លាំងបង្គោលក្នុងការផ្សព្វផ្សាយស្មារតីស្នេហាជាតិប្រពៃណីល្អ និងការផ្សារភ្ជាប់មនោសញ្ចេតនារវាងប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទ។ យុវជនដែលបានឆ្លងកាត់ការបំពេញកាតព្វកិច្ចយោធា អាចមានឱកាសបន្តក្លាយជាយោធិនអាជីព តាមការស្ម័គ្រចិត្ត និងស្របតាមតម្រូវការរបស់ក្រសួងការពារជាតិ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានប្រសិទ្ធភាព៕