ឯកឧត្តម សូ ម៉ារ៉ា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញដើម្បីបូកសរុបរបាយការណ៍ប្រចាំខែឧសភា និងទិសដៅបន្តខែមិថុនា ឆ្នាំ២០២៦


ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងារបក្សចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងគណៈកម្មាធិការគណបក្សខណ្ឌដូនពេញដើម្បីបូកសរុបរបាយការណ៍ សកម្មភាពអនុវត្ត និងលទ្ធផលការងារគណបក្សប្រចាំខែឧសភា និងទិសដៅបន្តខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសបូកសរុបអង្គប្រជុំ ឯកឧត្តមប្រធានក្រុមការងារបានជំរុញដល់មូលដ្ឋានយកចិត្តទុកដាក់អនុវត្តនូវប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌសង្កាត់មន្ទីរអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញនៅកោះពេជ្រ កាលពីថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៦ កន្លងមក ដោយបន្តការបោសសម្អាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដែលកំពុងសង្ងំធ្វើសកម្មភាពនៅក្នុងទីតាំងភូមិសាស្រ្តរបស់ខ័ណ្ឌដូនពេញ និងដាក់ចេញទិសដៅ-ភារកិច្ចសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់នានា និងក្រុមការងារសង្កាត់ទាំងអស់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងគុណភាពសេវាបំរើប្រជាពលរដ្ឋឱ្យបានល្អ ព្រមទាំងបន្តយកចិត្តទុកដាក់កសាងសមាជិកបក្សជាពិសេសចេញពីស្រទាប់យុវជនគ្រប់អាយុបោះឆ្នោត ឱ្យបានតាមគ្រប់ចំនួនផែនការ និងសន្ទស្សន៍ដែលបានដាក់ចុះ។

អង្គប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងផុសផុលដោយមានការចូលរួមមតិណែនាំបន្ថែមពីឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារគណបក្សខណ្ឌ លោក ជា ខេមា ប្រធានគណបក្សខណ្ឌព្រមទាំងប្រធានគណៈកម្មាធិការបក្សសង្កាត់មួយចំនួនបានមានយោបល់យ៉ាងផុសផុល អំពី ថាតើត្រូវធ្វើដូចម្ដេចដើម្បីឈ្នះការបោះឆ្នោតនាពេលខាងមុខ។