ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានកោតសរសើរថា អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺជាអគាររដ្ឋធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃក្រឡារហូតដល់ទៅជាង១៥ម៉ឺនម៉ែត្រការ៉េ។
ថ្លែងលើអង្គវេទិកា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អគារវិមានសន្តិភាពមានតែ៥ម៉ឺនម៉ែត្រការរ៉េទេ វិមាន៧មករាមានតែ៥ម៉ឺន៧ពាន់ម៉ែត្រការ៉េទេ អគារនេះមានជាង១៥ម៉ឺនម៉ែត្រការ៉េ។ ដូច្នេះអាចនិយាយបានថា ក្នុងចំណោមអគាររដ្ឋទាំងអស់ គឺមជ្ឈមណ្ឌលពន្ធដារនេះ គឺជាអគារដែលធំជាងគេក្នុងចំណោម អគាររដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ, អគារនេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលកើតចេញពីគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រមុខរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើប្រៀបធៀបជាមួយអគាររដ្ឋធំៗផ្សេងទៀត អគារវិមានសន្តិភាពមានផ្ទៃក្រឡាប្រមាណ ៥ម៉ឺនម៉ែត្រការ៉េ ខណៈអគារវិមាន ៧មករា មានប្រមាណ ៥ម៉ឺន ៧ពាន់ម៉ែត្រការ៉េ។ ដោយឡែក អគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ មានផ្ទៃក្រឡាលើសពី ១៥ម៉ឺនម៉ែត្រការ៉េ ដែលធ្វើឲ្យអគារនេះក្លាយជាអគាររដ្ឋធំជាងគេនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការជ្រើសរើសទីតាំងសាងសង់អគារនេះផងដែរ ដោយបញ្ជាក់ថា ការរៀបចំអភិវឌ្ឍនៅតំបន់នេះ មិនត្រឹមតែបង្កើតបានអគាររដ្ឋដ៏ធំមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់តម្លៃដី និងជំរុញការអភិវឌ្ឍនៅតំបន់ជុំវិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អ្វីដែលគួរឲ្យមោទនភាពនោះ គឺអគារនេះជាស្នាដៃរបស់កូនខ្មែរទាំងស្រុង ដោយទាំងការរចនា និងការសាងសង់ សុទ្ធតែអនុវត្តដោយជនជាតិខ្មែរ។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងសោភ័ណភាពនៃអគារនេះ ដែលបានបង្ហាញពីសមត្ថភាពរបស់អ្នកជំនាញខ្មែរក្នុងការអភិវឌ្ឍសំណង់ទ្រង់ទ្រាយធំ។
សូមជម្រាបថា អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានាសន្តិសុខ និងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាពិសេសជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។
សំណង់អគារនេះ ត្រូវបានគូសប្លង់ និងសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនក្នុងស្រុក C.M.E.D ត្រួតពិនិត្យគុណភាពបន្ថែមដោយក្រុមហ៊ុន Archetype Group និងបានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥។
គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់៕



































































































