សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សម្រាប់ការកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅខែសីហាខាងមុខនេះ នឹងរៀបចំនៅទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។
«សន្និសីទប្រធានសភានៃអន្តរសភា (ISC)» លើកទី២ គ្រោងនឹងធ្វើឡើងនៅកម្ពុជា នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សន្និសីទនេះ ជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមក ពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។
ក្នុងពិធីដដែលនោះ សម្ដេចតេជោ បានថ្លែងកោតសសើរចំពោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ដែលបានខិតខំក្នុងការដឹកនាំរៀបចំអគារទីស្នាក់ការកណ្ដាលថ្មីនេះ ឱ្យមានភាពប្រណីត ទំនើប និងផ្សាភ្ជាប់ជាមួយទំនៀបទម្លាប់វប្បធម៌ជាតិ។
ទីធ្លាធំទូលាយ អមដោយបរិយាកាសដ៏ល្អ ស័ក្តិសមបំផុតសម្រាប់ការរៀបចំកិច្ចប្រជុំនៅទីតាំងអគារនេះ, សម្ដេចប្រមុខរដ្ឋស្ដីទី ប្រកាសថា នឹងជ្រើសរើសអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រៀបចំកិច្ចប្រជុំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិ នៅខែសីហាខាងមុខ ខណៈកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖ «ក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភា ដែលពេលនោះនឹងដឹកនាំការប្រជុំ ប្រកាសសម្រេចយកទីស្នាក់ការនេះ ធ្វើជាកន្លែងប្រជុំអន្តរជាតិដ៏ធំមួយនេះ»។
អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាអគាររដ្ឋដែលធំជាងគេ ដោយត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥,៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃក្រឡាសរុបចំនួន ១៥៩,៦៣៤ម៉ែត្រការ៉េ។ អគារនេះមានអគារការិយាល័យរដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់ ដែលត្រូវបានសាងសង់ឡើងដោយខ្មែរស្ទើរទាំងស្រុង និងប្រើប្រាស់ផលិតផលក្នុងស្រុក៕











