សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានលើកឡើងថា តំបន់បឹងកក់ បើមិនអភិវឌ្ឍដូចបច្ចុប្បន្នទេ នឹងក្លាយជាកន្លែងបញ្ចេញទឹកស្អុយ ចំណែកបឹងតាមោក ដែលអភិវឌ្ឍពេលនេះ ពីមុនមិនមែនជាកន្លែងស្តុកទឹកទេ គឺជាកន្លែងទឹកបុក តែពេលនេះបានក្លាយទៅជាទីក្រុងមួយហើយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះទស្សនកិច្ច នៅអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បឹងកក់ បើសិនជាមិនអភិវឌ្ឍន៍សួរថា បឹងកក់ពេលនេះ ទៅជាអ្វី វាគ្រាន់តែជាកន្លែងបញ្ចេញទឹកស្អុយ ពេលនោះ មានអ្នកជេរខ្ញុំមិនតិចទេ ប៉ុន្ដែឥលូវចេះនាំគ្នាថាស្អាត»។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីក្រុងភ្នំពេញសម័យដើមពីបុរាណមក គឺជាតំបន់ទឹកលិចទេ ប៉ុន្តែត្រូវបានសាងសង់ជាបណ្តើរៗ ដោយសម្តេចព្រះនរោត្តម សីហនុ ហើយសូម្បីតែផ្ទះសម្ដេច នៅវិមានឯករាជ្យ ម្ដុំហ្នឹងគឺជាបឹង និងព្រៃនោះដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកអំពីតំបន់ជ្រោយចង្វារ ដែលពីដើមជាកន្លែងដាំត្រកួន ព្រៃត្រែង ប៉ុន្តែឥឡូវទៅជាទីក្រុងមួយ ដែលអាចប្រជុំខ្នាតអន្តរជាតិបាន។ សម្តេចតេជោ បានថ្លែងថា បើសម្ដេចជានាយករដ្ឋមន្រ្តី សម្ដេចនឹងយកអគារថ្មីពន្ធដារដែលនៅក្នុងខណ្ឌជ្រោយចង្វារនេះ សម្រាប់កិច្ចប្រជុំអន្តរជាតិថែមទៀត៕



































































































