កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយប្រាក់មួយគ្រឿងទៀត ក្នុងព្រឹត្តិការប្រកួតកីឡាតេក្វាន់ដូអាស៊ី បន្ទាប់ពីការឈ្នះមេដាយមាស ១គ្រឿងថ្មីៗនោះមក ។
គួររំលឹកថា កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតេក្វាន់ដូទម្ងន់ ៦៧គីឡូក្រាម កាលពីថ្ងៃ១៦ ខែមេសា នៅប្រទេសហ្វីលីពីន ដែលនាំឲ្យនាងក្លាយជាកីឡាការិនីដំបូងគេរបស់កម្ពុជា ដែលឈានបន្តចូលរួមការប្រកួតកីឡាអូឡាំពិកកំរិតពិភពលោក ។ នៅយប់ថ្ងៃ១៨ ខែមេសា កីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយប្រាក់ ១គ្រឿងទៀត បន្ទាប់ពីប្រកួតចាញ់កីឡាការិនីតេក្វាន់ដូមកពីកូរ៉េខាងត្បូង Lee Da Bin ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ី ( ASIAN TAEKWONDO CHAMPIONSHIPS 2016 កាលពីយប់មិញនៅប្រទេសហ្វីលីពីន ។
មេដាយប្រាក់ដែលនាងទទួលបានកាលពីយប់ថ្ងៃទី១៨ ខែ គឺប្រភេទទម្ងន់ ៧៣គីឡូក្រាម ។ គ្រូបង្ហាត់ កីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា លោក Choi Yong Sok បាននិយាយថា បច្ចុប្បន្ននេះ ស៊ន សៀវម៉ី គឺស្ថិតក្នុងលំដាប់លេខ២ នៅតំបន់អាស៊ីលើប្រភេទទម្ងន់ ៧៣គីឡូក្រាម ហើយនឹងបានបង្កើនកំរិតមួយទៀត ក្នុងកំរិតពិភពលោកគឺប្រភេទ ៦៧គីឡូក្រាម ដែលនាងនឹងត្រូវប្រកួតដណ្ដើមជើងឯកអូឡាំពិក រដូវក្ដៅនៅទីក្រុងរីយ៉ួ ប្រទេសប្រេស៊ីល នាអំឡុងខែសីហា ខាងមុខនេះ ។