(រុស្ស៊ី) ៖ នៅក្នុងដំណើរទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក សើហ្គេ ណារីសស្គីន ប្រធានរដ្ឋសភាឌូម៉ាសហព័ន្ធរុស្សី នាសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងជំនួបដ៏មានតម្លៃនោះ សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះសភាឌូម៉ា នៃសហព័ន្ធរុស្សីដែលបានផ្តួចផ្តើមរៀបចំកិច្ចប្រជុំកម្រិត ប្រធានសភានៃតំបន់អាស៊ី-អឺរ៉ុប លើប្រធានបទមានសារសំខាន់ៗ សុទ្ធសឹងជាបញ្ហារួម ដែលប្រទេសទាំងអស់ត្រូវរួមគ្នាគិតគូរ ដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយគ្នា។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជានិងរុស្ស៊ី មានទំនាក់ទំនងជាមួយគ្នាយូរមកហើយ គឺមកដល់ឆ្នាំ២០១៦នេះ គឺជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្តេចពញាចក្រី ហេង សំរិនបានមានប្រសាសន៍ថា “ខ្ញុំសូមវាយតម្លៃថា រុស្ស៊ី គឺជាមហាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជានៅគ្រប់កាលៈទេសៈ។ ក្នុងនាមរដ្ឋសភាកម្ពុជា ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ខ្ញុំសូមអរគុណដល់សហព័ន្ធរុស្ស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជា តាំងពីដំណាក់កាល ដែលកម្ពុជាទើបរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩។ រុស្ស៊ីបានគាំទ្រជួយកម្ពុជាចាប់ពីពេលនោះមក ដល់ពេលបច្ចុប្បន្ននេះ”។
នៅក្នុងជំនួបនោះដែរ លោក សើហ្គេ ណារីសស្គីន បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ដែលបានមកបំពេញទស្សនកិច្ច នៅសហព័ន្ធរុស្ស៊ី។
លោកសើហ្កេ បានលើកឡើងថា ប្រទេសរុស្ស៊ីចាត់ទុកសម្តេចពញាចក្រី គឺជាជាបុគ្គលដ៏សំខាន់មួយរូបនៅកម្ពុជា ដែលបានចូលរួមដឹកនាំកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើន។ លើសពីនេះ សម្តេចជាស្ថានិកដ៏សំខាន់មួយ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា និងរុស្ស៊ី ឲ្យរឹងមាំឡើងជាលំដាប់ ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៨០មក។
លោក សើហ្គេ ក៏បានសម្តែងការអរគុណ ចំពោះសម្តេច ហេង សំរិនដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំថ្នាក់ប្រធានសភា អឺរ៉ុប-អាស៊ីលើកដំបូង ដែលផ្តួចផ្តើមឡើងដោយ សភាឌូម៉ាសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះផ្តោតលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ពហុភាគី និងទេ្វភាគី រវាងសភាតំបន់អាស៊ី និងអឺរ៉ុប ដើម្បីថែរក្សាស្ថិរភាព និងសុខសន្តិភាព នៃបណ្តាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក។
ប្រធានរដ្ឋសភាឌូម៉ា សហព័ន្ធរុស្ស៊ី បានបញ្ជាក់ទៀតថា កិច្ចប្រជុំប្រធានរដ្ឋសភា អឺរ៉ុប-អាស៊ី លើកដំបូងនេះមានការចូលរួមពីសំណាក់ប្រធានសភា មកពីបណ្តាប្រទេសចំនួន១៩ប្រទេស។
ឆ្លៀតឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន ក៏បានអញ្ជើញ លោក សើហ្គេ មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាតសភា តំបន់អាស៊ីលើកទី៩ នាចុងឆ្នាំ២០១៦នេះ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ជាការឆ្លើយតបលោក សើហ្គេ បានរីករាយទទួលយកការគោរពអញ្ជើញ របស់សម្តេចប្រធានរដ្ឋសភានេះទៅពិចារណា៕