ធនាគារពិភពលោក​៖ កម្ពុជា​បន្ត​នៅតែទទួលបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ នៅឆ្នាំ​២០១៨​


( ​ភ្នំពេញ​) ៖ យោងតាម​របាយការណ៍​ថ្មី​មួយ របស់​ធនាគារពិភពលោក​បាន​ឲ្យ​ដឹងថា កំណើន​នៃ​ការនាំចេញ​ស្បែកជើង គ្រឿង​ម៉ាស៊ីន​​អគ្គិសនី បរិក្ខារ និង​គ្រឿងបន្លាស់​យានយន្ត បាន​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រក្សាបាន​នូវ​ភាពរឹងមាំ​ ខណៈដែល​មាន​​ការ​ថមថយ​តិចតួច​មក​នៅត្រឹម ៦,៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៧ ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​អត្រា ៧​ភាគរយ​។​

​          របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា​ចុងក្រោយ​ដែល​ផ្សព្វផ្សាយ ​កាលពី​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថ្ងៃនេះ បាន​កត់សម្គាល់ថា ការនាំចេញ​សម្លៀកបំពាក់​និង​ផលិតផល​វាយណភ័ណ្ឌ​ដទៃទៀត មាន​បរិមាណ​ធ​ម្យ​ម ក៏ប៉ុន្តែ ទស្សនវិស័យ​រយៈពេល​មធ្យម​នៅតែមាន​​ភាព​វិជ្ជមាន ដោយសារតែ​កំណើន​លើ​ការនាំចេញ​ច្រើន​ប្រភេទ​ទំនិញ​និង​លំហូរ​ចូល​ដ៏​ល្អ​នៃ​ វិនិយោគទុន​ផ្ទាល់​ពី​បរទេស​។​

​          លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ប្រទេសកម្ពុជា​ស្ថិតនៅត្រង់​​ចំណុច​មួយ​ដែល​បោះជំហាន​ឈានឡើង​ក្នុង​ខ្សែសង្វាក់​ តម្លៃ​វិស័យ​កម្មន្តសាល​មានការ​កើនឡើង ដូចជា ពី​ការ​កើន​តែ​ផ្នែក​កាត់ដេរ មក​កើន​ផ្នែក​អគ្គិសនីនិង​គ្រឿង​បម្លាស់​យានយន្ត ហើយ​នោះ​គឺជា​ការអភិវឌ្ឍន៍​មួយ​ដែល​ប្រកបដោយ​ក្តីសង្ឃឹម​។​ដើម្បី​ទទួលបាន​​ ជោគជ័យ​ក្នុងការ​បង្កើន​ការវិនិយោគ​និង​ពង្រីក​ការនាំចេញ​ច្រើន​ប្រភេទ​ ទំនិញ កម្ពុជា​នឹង​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​​ឲ្យ​បាន​កាន់តែ​ ស៊ីជម្រៅ​ជាង​នេះ​បន្ថែមទៀត ដែល​ជួយ​ដោះស្រាយ​ទៅនឹង​ថ្លៃ​ចំណាយ​ខ្ពស់​លើ​អគ្គិសនី​និង​ភស្តុភារ​ ព្រមទាំង​គម្លាត​នៃ​​ជំនាញ​” ។

​          កំណើនសេដ្ឋកិច្ច​ពិតប្រាកដ ត្រូវបាន​គេ​រំពឹងថា នឹង​នៅតែមាន​ភាពរឹងមាំ គឺ​កើន​ឡើងដល់ ៦,៩​ភាគរយ នៅក្នុង​ឆ្នាំ​២០១៨​។ ក៏ប៉ុន្តែ ការធ្លាក់ចុះ​ដែល​អាច​កើតឡើង​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ ជាពិសេស នៅក្នុង​ប្រទេស​ចិន​និង​ភាពមិនប្រាកដប្រជា​ដែល​អាច​កើតមាន​​ឡើង​ទាក់ទង​នឹង​ ការបោះឆ្នោត អាច​បង្ក​នូវ​ហានិភ័យ​ចំពោះ​ទស្សន​វិស័យនេះ​។​

​          ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​វិស័យ​ទេសចរណ៍ (​ចំនួន​មកដល់​នៃ​អ្នក​ទេសចរណ៍ មិន​ស្ថិត​ថេរ​) របាយការណ៍​នេះ​ស្នើ​ឲ្យ​បង្កើន​​សក្តានុពល​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើន​តំបន់​គោលដៅ​និង​ផលិតផល​សម្រាប់អ្នកទេសច​រណ៍​និង​តាមរយៈ​ត ​ភ្ជាប់​ទំនាក់ទំនង​​គ្រួសារ​នៅ​ជនបទ​ទៅនឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​វិស័យ​ ទេសចរណ៍​។ របាយការណ៍​នេះ ក៏បានផ្តល់​អនុសាសន៍​ផងដែរ​ឲ្យ​ផ្តល់នូវ​ការគាំទ្រ​បន្ថែម​​ទៀត​ដល់​កសិករ​ នានា​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​តម្លៃ​កសិផល​ធ្លាក់​ថៃ្ល​ដែល​ កំពុងតែ​ខិតខំ​ស្វែងរក​ឱកាស​ប្រសើរ​ជាង​​នេះ​ដើម្បី​ចូលទៅ​កាន់​ទីផ្សារ និង​បង្កើន​ផលិតកម្ម​ឲ្យ​បាន​ច្រើន​ប្រភេទ​។​

​          សូមបញ្ជាក់ថា​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា គឺជា​របាយការណ៍​ប្រចាំឆមាស​ដែល​ផ្តល់ជូន​នូវ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ការ​ ​អភិវឌ្ឍន៍​ម៉ាក្រូសេដ្ឋកិច្ច​នៅ​កម្ពុជា ទាំង​រយៈពេល​ខ្លី​និង​រយៈពេល​មធ្យម​៕