រដ្ឋមន្រ្តីសង្គមកិច្ច អរគុណរដ្ឋាភិបាលសិង្ហបុរី ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍន៍វិស័យសង្គមកិច្ច


ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសង្គមកិច្ច។

ឯកឧត្តម ជា សុមេធី បានលើកឡើងថា កិច្ចពិភាក្សានាថ្ងែនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធនឹងការងាររបស់ក្រសួង ពិសេសលើគម្រោងរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យសង្គមកិច្ច ជំនួយសង្គម ជនមានពិការភាព កិច្ចការគ្រួសារ និងកិច្ចគាំពារកុមារ សម្រាប់រយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុមេធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក លើការអភិវឌ្ឍន៍វិស័យសង្គមកិច្ចនៅកម្ពុជា៕