អគ្គិសនីកម្ពុជា ត្រៀមកញ្ចប់ថវិកា ១០លានដុល្លារ ជួយពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី នៅតាមទីកន្លែងដែលវិស័យឯកជនមិនចាប់អារម្មណ៍


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានឱ្យអគ្គិសនីកម្ពុជា (EDC) ត្រៀមកញ្ចប់ថវិកាប្រមាណ ១០លានដុល្លារ ជាជំហ៊ានទី១ ដើម្បីជួយពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី នៅតាមកន្លែងសាធារណៈ ដែលប្រជាពលរដ្ឋទៅហាត់ប្រាណ និងកន្លែងកម្សាន្ត ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗ ដែលជាកន្លែងដែលវិស័យឯកជន មិនបានចាប់អារម្មណ៍ដាក់។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ដូចនេះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍។

ជុំវិញទីតាំងតំឡើងកន្លែងសាកថ្មរថយន្តអគ្គិសនី ឯកឧត្តម កែវ រតនៈ បានថ្លែងបញ្ជាក់ថា «យើងនឹងធ្វើការជាមួយ EDC ដើម្បីមើលថា កន្លែងដែលវិស័យឯកជនមិនបានចាប់អារម្មណ៍ តែជាកន្លែងសាធារណៈ ដែលបងប្អូនប្រជាពលរដ្ឋទៅ ដូចជាកន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តពេលល្ងាច ទៅបុណ្យទាន យើងក៏ចង់ដាក់ពង្រាយមួយចំនួន ហើយកន្លែងនោះមិនមានអ្នកណាដាក់នោះទេ»

ជុំវិញបញ្ហានេះឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថាទៀត រាជរដ្ឋាភិបាលបានសំណូមពរឱ្យអគ្គិសនីកម្ពុជា EDC ត្រៀមកញ្ចប់ថវិកា ១០លានដុល្លារ ជាជំហ៊ានទី១ ដើម្បីជួយពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី ដែលវិស័យឯកជនមិនដាក់ ប៉ុន្តែជាកន្លែងសាធារណៈដែលមានប្រជាពលរដ្ឋទៅលេង៕