កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦ និងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី១៩ ស្តីពីជនទេសន្តរប្រវេសន៍ (AFML) នាខែតុលាខាងមុខ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វីលីពីន និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ កិច្ចគាំពារជនទេសន្តរប្រវេសន៍ និងសន្តិសុខសង្គម។ លោកក៏បានអបអរសាទរ ហ្វីលីពីន ក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ និងបញ្ជាក់ការគាំទ្រចំពោះការជំរុញការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព ការជ្រើសរើសជនទេសន្តរប្រវេសន៍ប្រកបដោយយុត្តិធម៌ ការទទួលបានការគាំពារសង្គម និងយន្តការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព សម្រាប់ជនទេសន្តរប្រវេសន៍។

ឯកឧត្តម ហេង សួរ ក៏បានលើកទឹកចិត្តឱ្យហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន បន្តតាមដានការវិវត្តនៃស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ចសង្គមចំពោះជនទេសន្តរប្រវេសន៍កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ជនទេសន្តរប្រវេសន៍ គួរទទួលបានការការពារពីការរើសអើង ការកេងប្រវ័ញ្ច ការរំខានដល់ការងារ និងធានាសិទ្ធិទទួលបានប្រាក់ឈ្នួល ឯកសារស្របច្បាប់ ការគាំពារសង្គម និងសេវាមូលដ្ឋាន។ លោកក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតីហ្វីលីពីន ដែលបានចូលរួមសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងផងដែរ។

ជាការឆ្លើយតប លោក ហានស៍ លេអូ ជេ ខាដាក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ចំពោះកិច្ចពិភាក្សាដ៏សំខាន់ ប្រកបដោយផលិតភាពនេះ ក៏ដូចជាបានបង្ហាញពីផែនការយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការចែករំលែកបទពិសោធលើកិច្ចគាំពារជនទេសន្តរប្រវេសន៍។ លោកបានបញ្ជាក់ថា ជំនួបនេះនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ខណៈដែលហ្វីលីពីន នៅតែបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា។

សូមបញ្ជាក់ថា វេទិកាអាស៊ានស្តីពីជនទេសន្តរប្រវេសន៍ (AFML) ជាវេទិកាប្រចាំឆ្នាំដែលមានការចូលរួមពីត្រីភាគី ក្រោមការរៀបចំរបស់ គណៈកម្មាធិការអាស៊ានស្តីពី ការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនទេសន្តរប្រវេសន៍ (ACMW) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារនៅក្នុងតំបន់៕