ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្មវិធីនេះ រៀបចំឡេីងដោយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមការងារ ចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ។
យុទ្ធនាការជំរឿនពេលនេះ មានគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមសារាចររបស់រាជរដ្ឋាភិបាលលេខ១១ សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ការធ្វើបច្ចុប្បន្នភាព និងជំរឿននាពេលនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ៖ (១) កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទរបស់ក្រសួងស្ថាប័ន (២) កំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន (៣) ធ្វេីបច្ចុប្បន្នភាពនិងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធ និងមន្ត្រីនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និង (៤) កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកបៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្ដែង៕











