លោកជំទាវ ឃួន ឃុនឌី លើកទឹកដល់ស្ត្រី ជាអាជីវករលក់ក្រឡាន ឱ្យបង្កើនគុណភាពរសជាតិ និងថែរក្សាអនាម័យ ដើម្បីបង្កើនភាពជឿជាក់ដល់អតិថិជន


លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកទឹកចិត្តដល់បងប្អូនស្ត្រីជា អាជីវករលក់ក្រឡាន ឱ្យយកចិត្តទុកដាក់លើការបង្កើនគុណភាពរសជាតិ ការរក្សាអនាម័យក្នុងការផលិត និងការវេចខ្ចប់ ដើម្បីបង្កើនភាពជឿជាក់ពីសំណាក់អតិថិជន និងរួមចំណែកលើកកម្ពស់តម្លៃផលិតផលប្រពៃណីខ្មែរឱ្យកាន់តែមានការគាំទ្រ។

ការលើកឡើងរបស់លោកជំទាវ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន ដែលប្រព្រឹត្តទៅនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន នៅក្នុងមូលដ្ឋាននេះទាំងអស់។

លោកជំទាវបន្តថា ក្រឡាន គឺជាផលិតផលប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ មិនត្រឹមតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះអាជីវករគួរតែបន្តរក្សាគុណភាពរសជាតិឱ្យបានឆ្ងាញ់ មានស្តង់ដារ ប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាព និងយកចិត្តទុកដាក់ខ្ពស់លើអនាម័យក្នុងដំណើរការផលិត និងការដាក់តាំងលក់ ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើនទំនុកចិត្តពីអតិថិជន។

លោកជំទាវ បានលើកទឹកចិត្តឱ្យបងប្អូនស្ត្រីបន្តអភិវឌ្ឍជំនាញ កែលម្អការវេចខ្ចប់ និងពង្រីកការផ្សព្វផ្សាយផលិតផលឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កើនឱកាសទីផ្សារ លើកកម្ពស់ប្រាក់ចំណូលគ្រួសារ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕